សម្តេចតេជោ ហ៊ុន សែន ជាពីជម្ងឺកូវីដ១៩ ហើយ, សម្តេចនឹងចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ សម្តេចនឹងចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមថា ម្សិលមិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមាន​កូវីដ១៩ ហើយ តែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហា​ក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញ។ នេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្ភខ្លាចឆ្លងទៅព្រះអង្គ​ ​និងថ្នាក់ដឹកនាំផ្សេងទៀត។ មុននេះ២ម៉ោង បានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។

សម្តេចតេជោបានបញ្ជាក់ថា ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំ កំណត់ថា ខ្ញុំពុំ​មានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣។ ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែន ខ្ញុំជូនរូបថត
ពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថាវេចបាយស៊ីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំ តែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។(អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ៕
ដោយ៖ពលជ័យ

ads banner