សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សិទ្ធិស្រ្តី នៅកម្ពុជា ត្រូវ​បាន​លើកកម្ពស់ និងបានចាត់ទុកស្រ្តីជាបេះដូងនៃគ្រួសារ

(ភ្នំពេញ)៖ មានសុខសន្តិភាព ទើបស្រ្តីនៅកម្ពុជាទទួល​បាននូវការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ។ បើសង្គមជាតិជួបសង្រ្គាម គឺបាត់បង់សិទ្ធិទាំងអស់ សូម្បីសិទ្ធិជាមូលដ្ឋាន នៃការរស់រានមានជីវិតក៏គ្មានដែរ។

នេះគឺជាការលើកឡើងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ខណៈជួបសំណេះសំណាល​ជាមួយ​គណៈប្រតិភូស្ត្រី មកពី ១៥ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប » ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបាន​យកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលសម្តេចនៅជានាយករដ្ឋមន្រ្តី ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញ​និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅ​ក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គាំទ្រទាំងស្រុងចំពោះ​រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេន ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បានដាក់ចេញ និងពង្រឹងការអនុវត្ត​គោល​នយោបាយ កម្មវិធី និងវិធានការនានា រួមទាំងការ​ពង្រឹង​កិច្ចសហការ និងភាពជាដៃគូរវាងក្រសួង ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន​ភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅតាមវិស័យអាទិភាព និងនៅគ្រប់កម្រិត។ ទាំងអស់នេះ ពិតជាមាន​សារៈសំខាន់ និងចាំបាច់ ដើម្បីពន្លឿនវឌ្ឍនភាព ឈានទៅ​សម្រេច​បានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner