ម្ជូរស្លឹកល្មមជាអាហារមានរសជាតិឈ្ងុយឆ្ងាញ់របស់ អ្នកស្រុក នៅ ខ្នងព្រះ

(ខេត្តពោធិ៍សាត់)៖ រុក្ខជាតិម្យ៉ាង មានលក្ខណជាបញ្ញើក្អែក​ហើយ​ដុះ​នៅតំបន់ភ្នំត្រូវបានអ្នកស្រុករស់នៅសហគមន៍ភ្នំព្រះ​ដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បាននាំ​យក​មកធ្វើជាសម្ល ម្ជូរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់​ប្រចាំ​​តំបន់​មួយនេះ ហើយអ្នកទេសចរជាច្រើនតែងកោតសរសើ ពីរស​ជាតិរបស់វាមិនដាច់ពីមាត់ទេ។

ស្លឹករុក្ខជាតិដែលអ្នកស្រុកតែងបេះយកមកធ្វើមុខម្ហូបនេះមានរសជាតិជូរ ដូចគ្នានឹងស្លឹកថ្នឹង និងស្លឹករុក្ខជាតិដទៃទៀតផងដែរ គ្រាន់តែរសជាតិជូររបស់វាខុសគ្នាប៉ុណ្ណោះ។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះបាន​ប្រាប់​ឱ្យដឹងថា ស្លឹករុក្ខជាតិនេះត្រូវបានអ្នកស្រុកតំបន់នេះឱ្យ​ឈ្មោះថាស្លឹកល្មម។សម្រាប់រុក្ខជាតិប្រភេទនេះមាន​អ្នកស្រុក​តិចតួចដែរទេដែលបានស្គាល់ ហើយចេះកែច្នៃវាមកធ្វើជា​សម្លម្ជូរ។ស្លឹកនេះគេប្រើធ្វើជាម្ជូរជាមួយសាច់មាន់ សាច់ទា​គឺឆ្ងាញ់ជាតិសាច់ជ្រូកឬសាច់ទា។

ប្រធានក្រុមអ្នកនាំផ្លូវដើម្បីទៅកម្សាន្តលើភ្នំព្រះរូបនេះបានប្រាប់ដែរថារុក្ខជាតិនេះសម្បូរដុះច្រើនតែលើខ្នងភ្នំព្រះ ហើយវាដុះ​តាំង​តែ​ពីជើងភ្នំរហូតដល់កំពូលភ្នំ។ស្លឹករុក្ខជាតិនេះជូរល្មម ម្ល៉ោះ​ហើយអ្នកស្រុកទើបដាក់ឈ្មោះឱ្យថា”ម្ជូរល្មម”តែម្តងទៅ។ក្រៅពីធ្វើជាសម្លម្ជូរគេនៅអាចនាំយកទៅធ្វើជាបន្លែសម្រាប់ទ្រាប់ប្រហុកបរិភោគ ប្រើធ្វើជាទ្រាប់ជ្រលក់ទឹកគ្រឿង​ក៏មាន​រស់ជាតិឆ្ងាញ់ពិសារដូចគ្នា។

លោកថា”រុក្ខជាតិនេះដុះលក្ខណៈជាបញ្ញើក្អែក ដោយវាតែងដុះ​ជាមួយដើមឈើដទៃ និងខ្លះទៀតដុះលើថ្ម។វាមើលទៅពាក់​កណ្តាលជាវល្លិ៍ និងពាក់កណ្តាលទៀតជាដើមឈើ។ រុក្ខជាតិ​នេះ​មានពេញៗមួយឆ្នាំ​ ពោលគឺបើយើងចង់យកមកធ្វើម្ហូបនៅ​ខែណាក៏មានដែរឥតខ្វះទេ” ។

លោក សាវ ធីម​ បានប្រាប់ឱ្យដឹងដែរថាតាមពិតរុក្ខជាតិ​ប្រភេទ​នេះមានដុះតាមតំបន់មួយចំនួននៅប្រទេសកម្ពុជាផងដែរ គ្រាន់​តែតំបន់ខ្លះគេមិនបានដឹងពីប្រយោជន៍វាសម្រាប់ធ្វើជាម្ហូបប៉ុណ្ណោះ ។ សម្រាប់ស្លឹកវាគេអាចប្រើបានទាំងស្លឹកខ្ចី និងស្លឹក​ចាស់​យកមកធ្វើម្ហូបបានដូចគ្នា។

សម្រាប់វិធីធ្វើម្ជូរល្មមវិញត្រូវបានប្រធានក្រុមអ្នកនាំផ្លូវរូបនេះបា្រប់​ថា មុនដាក់ស្លរគេហាន់វាជាចំណិតតូចៗល្មមដូចគ្នា​នឹង​ស្លឹកថ្នឹងដែរ។ដោយឡែកវិធីធ្វើសម្លម្ជូរវិញគឺធ្វើដូចគ្នា​នឹងការធ្វើ​សម្លម្ជូរដទៃទៀតដែរ ក្នុងនេះមានប្រើស្លឹកគ្រៃ ម្តេង ម្ទេស ស្លឹក​ក្រូច​សើចជាដើម។

បើតាម លោក សាវ ធីម បានប្រាប់ឱ្យដឹងថាសម្រាប់ភ្ញៀវ​ទេស​ចរ​​ដែលឡើងមកលើភ្នំខ្នងព្រះនេះ​លោកតែង​ធ្វើ​សម្លម្ជូរល្មមឱ្យ​បានបរិភោគស្ទើរគ្រប់គ្នា ពីព្រោះថាវាជាអាហារ​តំបន់ ហើយ​មាន​រសជាតិប្លែកដែលតំបន់ដទៃទៀតគ្មាននោះឡើយ។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន​បានថ្លែង​ឱ្យដឹងថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សា​បាន​លំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាច​ថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍​ដល់​កូន​ចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញ​ដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ជាមួយគ្នាមុខម្ហូប​អាហារ​ប្រចាំតំបន់ក៏ជាចំណុចមួយ​សំខាន់​សម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលសហគមន៍មូល​ដ្ឋាន​ត្រូវចេះថែរក្សា និងអភិរក្សឱ្យបានខ្ជាប់ខ្ជួនដើម្បី​ជាប្រ​យោជន៍​យូរអង្វែងទៅថ្ងៃខាងមុខ ។

គួរបញ្ជាក់ថាខ្នងភ្នំគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយកន្លែងរបស់ខេត្តពោធិ៍សាត់សម្បូរដោយសក្តានុពលធនធានធម្មជាតិគ្មានគូប្រៀប។ អ្នកទេសចរទៅកាន់ទីកន្លែងនេះត្រូវដើរ​ថ្មើរ​ជើង ប្រមាណ ៨គីឡូម៉ែត្រដោយចាំបាច់ត្រូវដើរ​ឆ្លងកាត់​ព្រៃ​ព្រឹក្សារ និងឡើងចំណោតភ្នំជាច្រើនកន្លែង។តាមដងផ្លូវ​ដ៏វែង​ឆ្ងាយ ភ្ញៀវទេសចរណ៍អាចទស្សនាព្រៃព្រឹក្សាផ្កាព្រៃ​រុក្ខជាតិ​ប្លែកៗជាច្រើនប្រភេទ។បន្ថែមលើនោះពេលព្រឹកយើង​អាច​គយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និង ពេលល្ងាច យើង​អាច​គយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាង​ស្រស់ស្អាត។ ជាពិសេសពេលរាត្រីគេងនៅក្នុងតង់ដែលមាន​សីតុណ្ហភាពចន្លោះ ១០ទៅ ១៥អង្សារ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner