បាត់ដំបង ក្លាយជាខេត្តទី១៧ ដែលទទួលពានជ័យលាភី “បញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល”

បាត់ដំបង៖ជាមោទកភាពមួយថ្មីទៀតសម្រាប់ខេត្តបាត់ដំបង បន្ទាប់ពី​ខេត្តប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ចនិងទេស​ចរណ៍​មួយ​​នេះ ​ត្រូវបាន​ប្រកាស​ទទួលស្គាល់ និងប្រគល់ពានជ័យលាភី”បញ្ចប់ការបន្ទោបង់​ពាសវាលពាសកាល “(ODF)ដល់រដ្ឋបាលខេត្តដោយឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។ ជ័យលាភីនេះ បានដំឡើង​ថ្នាក់ខេត្ត​បាត់ដំបង ក្លាយ​ជា​ខេត្តទី១៧ ក្នុងចំណោម​រាជធានី ខេត្តចំនួន​២៥​របស់ព្រះរាជា​ណាចក្រ​កម្ពុជា​ជាខេត្ត”បញ្ចប់ការបន្ទោ​បង់​ពាសវាល​ពាសកាល” ។

ក្នុងពិធីប្រកាសជ័យលាភី”បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល “ឬហៅកាត់ថា អូឌីអេហ្វ (ODF)ដែលប្រារព្ធនៅសួនយុវ័ន នៃ​ក្រុងបាត់ដំបង ដោយមានអ្នកចូលរួមរាប់ពាន់នាក់ និងមានការដង្ហែក្បួន​អបអរផងនោះ ចំពោះវត្តមាន ឯកឧត្តម​ ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់ដំបងបានប្រកាសដោយអំណរថា នេះជា​សមិទ្ធផល​រួម ជាកិត្តិយស កេរ្តិ៍របស់អ្នកខេត្តបាត់ដំបង​ទាំងមូល មិនមែន​ជាសមិទ្ធិដោយឡែករបស់អ្នកណាមួយឡើយ។ ប្រសិនជាពុំមានការចូល​រួម​សស្រោកសស្រាំរបស់ប្រជាពលរដ្ឋទូទាំងខេត្តទេ ជាខេត្តបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល ក៏ពុំអាចសម្រេចបានដែរ ។

បន្ថែមលើសពីស្នាដៃនៃការខិតខំរបស់រដ្ឋបាលខេត្តបាត់ដំបង ឯកឧត្ដម​រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឆាយ ប្ញទ្ធីសែន បានគូសរំលេចថា គុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែង​ឥតឈប់​ឈរដើម្បីជាតិ និងប្រជាជនដោយយក​ជីវិត​ធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុនសែន ” ជាបិតាសន្តិភាព ស្ថាបនិក​មគ្គុទេសក៍​ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និង​សន្ដិភាព” និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ជាមូលដ្ឋានគ្រឹះធ្វើឱ្យខេត្តបាត់ដំបង​សម្រេច​បាននូវផ្លែផ្កានេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកសរសើរអភិបាលខេត្តបាត់ដំបង ដែលបាន​ដឹកនាំធ្វើឱ្យមាន ការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ​កាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ និងការកែលម្អលក្ខខណ្ឌ នៃការរស់នៅ តាមរយៈការលើក​កម្ពស់​ការផ្តល់សេវាទឹកស្អាតនិង​អនាម័យ។ជាក់ស្ដែងការសម្រេចនូវ”ការបញ្ចប់បន្ទោបង់ពាសវាល​ពាសកាល” នៅទូទាំង​ខេត្តនាពេលនេះ។

មួយវិញទៀត កត្តាជួយជំរុញឱ្យខេត្តបាត់ដំបងសម្រេចបានជោគជ័យ​ថ្មីនេះ ក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍ផងដែរ ។លោក យី គឹមថាន នាយករងប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិ និងជាតំណាងអង្គការ​ដៃគូអភិវឌ្ឍន៍​វិស័យផ្គត់​ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅកម្ពុជាបាន​លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការភ្លែនអន្ដរជាតិ និងអង្គការ​ដៃគូអភិវឌ្ឍន៍​នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ខេត្តបាត់ដំបងជាខេត្តគោលដៅអភិវឌ្ឍន៍ លើការអនុវត្ត​គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្ត​បាត់ដំបងទទួលបាននូវជ័យ​លាភី​នៅថ្ងៃនេះ។

សូមជម្រាបថា តាមរបាយការណ៍របស់ឯកឧត្តមសុខ លូ អភិបាលខេត្ត​បាត់ដំបង បានបង្ហាញថា ទូទាំងខេត្តបាត់ដំបង មានស្រុកចំនួន១៣​និងក្រុង១, ឃុំចំនួន៩៣និង១០សង្កាត់,និងមានភូមិចំនួន៨៤២ភូមិ។មានផ្ទះសរុប ២៤៧ ៨៥៨​ខ្នង។មានគ្រួសារ ២៩៧ ២៥៥គ្រួសារ ក្នុងនោះ ផ្ទះដែលមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៥៩​ភាគរយ។ផ្ទះប្រើ​បង្គន់រួមស្មើនឹង ៤,៤១ភាគរយ។ ខ្នងផ្ទះមានកន្លែង​លាងដៃនឹងសាប៊ូស្មើនឹង១០០ភាគរយ។ ខ្នងផ្ទះទុកដាក់ទឹក​សម្រាប់​ផឹកមានសុវត្ថិភាព ស្មើនឹង១០០ភាគរយ។ខ្នងផ្ទះទុកដាក់សំណល់ ខោលាមកកូនក្មេង លាមកសត្វ និងសំរាម​មានរបៀប​រៀបរយស្មើនឹង ១00ភាគរយ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner