ក្រសួងធនធានទឹក និងឧតុនិយមបំភ្លឺជុំវិញបញ្ហាការបំផ្លើសព័ត៌មានរបស់វិទ្យុនៅបរទេសមួយ ពីខ្លឹមសារពិតរបស់ឯកឧត្តម ថោ ជេដ្ឋា

(ភ្នំពេញ)៖ បច្ចុប្បន្ននេះនៅកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូចមធ្យម និងធំ សរុបចំនួន ២៣៥២ ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតាព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ ១៥០០អាង ដែលមានលទ្ធភាពស្តុកទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងសរុប ចំនួនជាង ៤ពាន់លានម៉ែតគូប។

បញ្ជាក់នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នាថ្មីៗមកនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាចាប់តាំងពីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ នៃរដ្ឋសភា នាចុងឆ្នាំ១៩៩៩ មកទល់នឹងពេលបច្ចុប្បន្ន ហើយតាមរយៈសមិទ្ធផលទាំងនេះដែរ បានធ្វើឱ្យការងារបង្កបង្កើនផល ជាពិសេសស្រូវប្រាំងរបស់បងប្អូនប្រជាកសិករមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង នៅក្នុងរដូវប្រាំងនាឆ្នាំ១៩៩៩-២០០០ នៅកម្ពុជាមានការដាំដុះស្រូវប្រាំងប្រមាណ ១០ម៉ឺនហិកតា ប៉ុន្តែចូលមកដល់រដូវប្រាំងឆ្នាំ២០២៤-២០២៥នេះ ការដាំដុះស្រូវប្រាំងនៅកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៩០ម៉ឺនហិកតា ដែលនៅក្នុងនោះមានទីតាំងខ្លះបានដាំដុះមួយដង ទីតាំងមួយចំនួនមានការដាំដុះស្រូវប្រាំងលើកទីពីរ និងមួយចំនួនទៀតឈានទៅការដាំដុះស្រូវប្រាំងលើកទីបីផងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖”បើពិនិត្យឃើញការដាំដុះស្រូវប្រាំងមានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹកដែលយើងបានរក្សាទុកកាលពីចុងរដូវវស្សាប្រមាណ ៤ពាន់លានម៉ែត្រគូបត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០ភាគរយសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងនេះ”។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវទៅដល់បងប្អូនប្រជាកសិករសុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ ហើយកុំបន្តបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះអាចនាំឱ្យមានការប្រឈមទៅនឹងការខូចខាត។ ចំពោះសេចក្តីអំពាវនាវនេះដែរគឺធ្វើឡើងក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ តែបែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លៃក្នុងចេតនាទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញ ដែលប្រការនេះធ្វើឱ្យមានការយល់ច្រឡំនៅក្នុងសាធារណមតិ ។

ដោយឡែកបើយោងតាមតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០ស២៤នេះបានឱ្យដឹងដែរថា ជានិច្ចកាល រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទឹក ដើម្បីបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់វិស័យ១ផ្សេងទៀតដែរ។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះក្រសួង បាននិងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្តក៏ដូចជាការកសាងអាងទឹកធំៗបន្ថែមដូចជា៖ អាងទឹកដងកាំបិត ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានសមត្ថភាពស្តុកទឹកប្រមាណ ៣០០លានម៉ែត្រគូប អាងទឹកដូន ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មានសមត្ថភាពស្តុកទឹកប្រមាណ ១៦០លានម៉ែត្រគូប ដោយឡែក បណ្តាអាងទឹកមួយចំនួនទៀត បាននិងកំពុងធ្វើការសិក្សាលម្អិត និងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសម្រាប់ធ្វើការសាងសង់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner