ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ជំរុញឱ្យដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សូមបន្តចូលរួមយ៉ាងសកម្មជាមួយ ក្រសួងសុខាភិបាល
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អ្នកស័្មគ្រការងារសុខភាពនៅតាមសហគមន៍ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សូមបន្តចូលរួមយ៉ាងសកម្មជាមួយ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការលើក កម្ពស់ការផ្តល់សេវាសុខាភិបាល និងការអភិវឌ្ឍន៍វិស័យ សុខាភិបាល ដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ។
ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា សន្និបាតសុខាភិបាល លើកទី៤៤ និង ទិសដៅ អនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ បានបន្តជំរុញភាពជឿនលឿន នៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព ដែលផ្សាភ្ជាប់ជាមួយវឌ្ឍនភាពក្នុងវិស័យពាក់ព័ន្ធទាំងឡាយ ។
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបំពាក់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ចំនួន ៤៤នាក់ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានសុខាភិបាល ក្នុងការជំរុញឱ្យមានសេវា ២៤ ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ទូទាំងប្រទេស ៕
ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ


















