ចិនដំឡើងពន្ធសងសឹកពី ១០% ទៅ ១៥% លើផលិតផលកសិកម្មចម្រុះអាមេរិក

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃអង្គារ បានសងសឹកវិញភ្លាមៗ ប្រឆាំងនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយទីក្រុងប៉េកាំងបានប្រកាសដំឡើងពន្ធពី ១០% ទៅ ១៥% លើផលិតផលកសិកម្ម និងអាហារនាំចូលពីអាមេរិក ហើយថែមទាំងដាក់ក្រុមហ៊ុនអាមេរិកចំនួន ២៥ ឱ្យស្ថិតក្រោមការរឹតបន្តឹងលើការនាំចេញ និងការវិនិយោគ។

សង្គ្រាមពន្ធបានផ្ទុះឡើងបន្ទាប់ពីមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ពន្ធ ២៥% លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ហើយដាក់ពន្ធបន្ថែម ១០%ទៀតលើចិន បូករួមទាំងពន្ធពីមុនសរុបកើនដល់ ២០%។

ជាការសងសឹក ចិនបានដំឡើងពន្ធលើការនាំចូលដែលគ្របដណ្តប់លើផលិតផលកសិកម្ម និងអាហាររបស់អាមេរិកដែលមានតម្លៃ ២១ ពាន់លានដុល្លារ នាំឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ខិតទៅជិតសង្រ្គាមពាណិជ្ជកម្មដ៏ធំ។

ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មរបស់អាមេរិក ហើយវិស័យនេះ គឺងាយរងគ្រោះខ្លាំងជាងគេជាយូរមកហើយ នៅពេលមានភាពតានតឹងពាណិជ្ជកម្ម។

ជាក់ស្តែង ការនាំចូលទំនិញកសិកម្មរបស់ចិនបានធ្លាក់ចុះនៅឆ្នាំទីពីរមកនៅត្រឹម ២៩.២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២២ មានទឹកប្រាក់ ៤២.៨ ពាន់លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner