អង្គការសហប្រតិបត្តិការសៀងហៃ នឹងជួយជំរុញបន្ថែម ដល់ភាពរីកលូតលាស់ នៃសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ អង្គការសហប្រតិបត្តិការសៀងហៃ នឹងជួយជំរុញបន្ថែមដល់ភាពរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ខណៈទំហំសេដ្ឋកិច្ច នៃប្រទេសសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ គឺស្មើនឹង មួយភាគបួន នៃសេដ្ឋកិច្ចពិភពលោក ។

នេះជាការគូសបញ្ជាក់របស់លោកស្រី ឈួយ លី (Cui Li) អនុប្រធានគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការសហប្រតិបត្តិការសៀងហៃ (GNFCC-SCO) អមដំណើរដោយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងការចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក ព្រមទាំងការបង្កើតនូវសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច និងនយោបាយអន្តរជាតិថ្មីមួយ ដែលប្រកបដោយបរិយាបន្ន និងការធានាសមធម៌ យុត្តិធម៌សកល និងប្រជាធិបតេយ្យ ដោយបើកចំហសម្រាប់សហគមន៍អន្តរជាតិចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ។

លោកស្រី ឈួយ លី បានសរសើរប្រទេសកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត ពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងការកោតស្ងើចស្ងែងចំពោះវីរភាពនិងមគ្គុទ្ទេសក៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងប្រទេស ការបង្រួបបង្រួមជាតិ ការពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងការរក្សាស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីសម្រេចបានវឌ្ឍនភាពកាន់តែប្រសើរ និងភាពសុខដុមនីយរបស់កម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា “កម្ពុជា-ចិន គឺជាមិត្តដែកថែប និងជាប្រទេសបងប្អូនដ៏ល្អ”។

ឯកឧត្តម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងបានថ្លែងអំណគុណដល់មិត្តចិនក្នុងការចូលរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ការកសាងធនធានមនុស្ស និងកម្មវិធីផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ដែលស្របនឹងអាទិភាពគន្លឹះ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិលបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner