ក្រុមកីឡាប៉េតង់ការិយាល័យ យុវជន និងការិយាល័យផែនការ គ្រងតំណែងជើងឯកនៃការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃនៅក្នុងបន្ទីរអប់រំយុវជននិងកីឡាខេត្ត កណ្តាល បានរកឃើញជើងឯកហើយ គឺ ក្រុមកីឡាប៉េតង់ការិយាល័យយុវជន និងការិយាល័យផែនការ បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ។
លោក ចេង សំអុលប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត កណ្តាល បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ សម្រាប់មន្រ្តីក្រោមឪវាទមន្ទីរដែលបានរៀបចំឡើងរយៈពេល២ថ្ងៃនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយបំផុត។ ការប្រកួតនេះ បានរៀបចំឡើងក្នុងគោលដៅ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៥ ជាពិសេស ដើម្បីបង្កើតនូវចំណង មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីក្រោមឱវាទកាន់តែស្អិតរមួត។
លោក ប្រធានមន្ទីរ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមកីឡាករ-កីឡាការិនីឆ្នើមនៃការប្រកួតនេះ ជាអ្នកតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រយុវជន និងកីឡាដែលប្រព្រឹត្តិនៅខេត្តសៀបរាមនាពេលខាងមុខនេះ។
ចំពោះលទ្ធផលនៃការប្រកួត សម្រាប់វិញ្ញាសា ៣ នាក់ ទល់នឹង ៣ នាក់ មេដាយមាសបានទៅលើក្រុមកីឡាប៉េតង់ការិយាល័យផែនការ មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ការិយាល័យ បឋមសិក្សា និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាប៉េតង់ការិយាល័យ មធ្យមសិក្សា រីឯវិញ្ញាសា ២នាក់ ទល់នឹង ២នាក់ មេដាយមាសបានទៅលើក្រុមកីឡាប៉េតង់ការិយាល័យ យុវជន មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ការិយាល័យ គណនេយ្យ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាប៉េតង់ការិយាល័យ ផែនការ៕






រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ