រុស្ស៊ីនឹងជួយមីយ៉ាន់ម៉ា សង់រោងចក្រនុយក្លេអ៊ែរ
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសជាផ្លូវការ នូវគម្រោងជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ថ្មី នៅក្នុងប្រទេស មីយ៉ាន់ម៉ា។
ការប្រកាសនេះ ស្របពេលដែលលោកបានទទួលជួបមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក Min Aung Hlaing នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ពោលគឺស្របពេលដែលលោក Min កំពុងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី។
ក្នុងជំនួបនោះ លោក Vladimir Putin បានសាទរចំពោះទំនាក់ទំនង មីយ៉ាន់ម៉ា និងរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រកាស ជាផ្លូវការ នូវកិច្ចព្រមព្រៀងមួយ ដើម្បីជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង សរសើរការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសនេះ។ លោក ពូទីន និយាយថា រោងចក្រ នឹងផ្គត់ផ្គង់ប្រទេសនេះ ជាមួយនឹង ថាមពល ដែលមានតំលៃថោក និងសុវត្ថិភាពបែបអេកូឡូស៊ី ដែលនឹងជំរុញសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើតការងារ រាប់ពាន់នាក់។
រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់អាវុធ និងថាមពលដ៏សំខាន់ដល់ រដ្ឋដែលត្រូវបានគិតថា «ឯកោ» មួយនេះ ហើយប្រទេសនេះ កំពុងតែតស៊ូ ដើម្បីកម្ចាត់ក្រុមប្រឆាំងដោយហិង្សា ចំពោះការគ្រប់គ្រង របស់របបយោធា ក្រោយរដ្ឋប្រហារ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត