សម្តេច ម៉ែន សំអន កោតសសើរចំពោះការចូលរួមចំណែករបស់សាខាសមាគមនារីកម្ពុជា ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអនុញ្ញាតឲ្យ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ដឹកនាំប្រតិភូនារីក្រសួងព័ត៌មាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ” សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប “នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលបានបំពេញការងារស្នូលរបស់ស្ថាប័នផង និងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។

ជាក់ស្តែងស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការបញ្ជូនសារ ស្តីពីការអភិវឌ្ឍន៍ ភាពរីកចម្រើន និងសុខសន្តិភាពដែលកម្ពុជាសម្រេចបានទៅកាន់សាធារណៈជន ក៏ដូចជា ពិភពលោកទាំងមូលបានយល់ច្បាស់អំពីព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរដោយស្មោះចំពោះសាខាសមាគមនារីក្រសួងព៌តមាន ដែលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនក្រសួង ក្រោមការជួយឧបត្ថម្ភគាំទ្រពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានផ្តល់លទ្ធភាព និងឱកាសជូននារីទាំងថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិបំពេញការងារដោយស្ម័គ្រចិត្ត។

ការដឹកនាំ ការសាមគ្គី សហការនិងភាពឆ្នៃប្រឌិតរបស់ថ្នាក់ដឹកនាំទាំងកិត្តិយស ទាំងប្រតិបត្តិ និងសមាជិកសមាគមនារីទាំងអស់ដែលតែងតែធ្វើសកម្មភាពដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្ត្រី និងចុះទៅមូលដ្ឋានដើម្បីលើកទឹកចិត្តដល់នារីនិងប្រជាពលរដ្ឋ ធ្វើឱ្យគាត់មើលឃើញ ពីអំពើល្អរបស់មន្ត្រីយើង និងមានការគាំទ្រគណបក្សនិងរាជរដ្ឋាភិបាលកាន់តែច្រើនឡើងជាលំដាប់។

សម្តេចបានបន្តទៀតថា វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតទៅកាន់ពិភពលោក ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ៕

ដោយ ៖ ថេត វិចិត្រ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner