កសាងប្រព័ន្ធធារាសាស្រ្ត និងការស្តាប្រឡាយទឹក គឺជាយុទ្ធសាស្រ្តរក្សាទឹកសម្រាប់ដំណាំកសិកម្ម ពិសេសការធ្វើស្រែប្រាំង
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានកសាងប្រព័ន្ធធារាសាស្រ្ត ហើយក្រសួងបានផ្សព្វផ្សាយពីការប្រើប្រាស់នៃប្រព័ន្ធធារាសាស្រ្តទឹក ឱ្យចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ ហើយមានបច្ចេកវិទ្យាខ្ពស់។ទន្ទឹមនេះដែរ ក្រសួងធនធានទឹកត្រូវការប្រើប្រាស់បច្ចេកទេសទំនើបកម្មធារាសាស្រ្តដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកមិនឱ្យខ្ជះខ្ជាយដែលជាប្រយោជន៍សម្រាប់ការប្រើប្រាស់ដំណាំកសិកម្មនារដូវប្រាំង ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាថ្មីៗមកនេះថា ៖” យើងត្រូវដឹងថាតើការប្រើប្រាស់បរិមាណទឹកប៉ុន្មានក្នុងមួយនាទី និងត្រូវប្រើប្រាស់ទឹកនៅកន្លែងណាខ្លះ ។ បើយើងមិនបានយល់ដឹងចំណុចនេះទេ ការប្រើប្រាស់ទឹកខ្ជះខ្ជាយហើយ។យើងត្រូវការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តពេញលេញឱ្យគ្រប់ជ្រុងជ្រោយ ។ នៅពេលដែលយើងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបានបែបនេះ នឹងជួយសន្សំ និងគ្រប់គ្រងទឹកទុកបានហើយ។ តែយ៉ាងណាយើងត្រូវចំណាយពេលច្រើនបន្តិចជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានដើម្បីផ្សព្វផ្សាយ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តនេះទទួលបានយ៉ាងមានប្រសិទ្ធភាពនិងជោគជ័យ”។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ដែរថា៖ បញ្ហាធ្វើស្រែប្រាំង កសិករត្រូវយកចិត្តទុកដាក់ស្តាប់រាជរដ្ឋាភិបាល មិនត្រូវធ្វើស្រែលើសចំណុះទឹករបស់យើង ដែលនាំឱ្យមានកង្វះខាតទឹក នាំមកនូវផលអាក្រក់ដល់ដំណាំស្រូវរបស់ខ្លួន ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីធនធានទឹកបានថ្លែងដែរថាក្រសួងពង្រឹងបន្ថែមទៅលើការស្តាអាងទឹក ព្រោះថាដើម្បីសុវត្តិភាពទឹក។ការកសាងប្រភពទឹកនេះសំខាន់ណាស់។ យើងមានអាងទឹកចំនួន៨ធំៗ តែតាមពិតប្រាកដយើងមានអាងទឹក១៥០០ជាងទូទាំងប្រទេស ដោយក្នុងនេះអាងទឹកទាំងនេះតូចៗមិនរាប់បញ្ចូលទេ។ក្នុងចំណោមអាងទឹកទាំងនេះរាក់ អញ្ចឹងហើយយើងត្រូវការស្តាដើម្បីកសាងប្រព័ន្ធធនធានទឹករឹងមាំ ពីព្រោះថាបច្ចុប្បន្នការប្រែប្រួលអាកាសធាតុនោះកាន់តែខ្លាំងហើយ។ក្នុងនេះអាងទឹកមួយចំនួនគោក រាក់អស់ហើយ ក្នុងនេះគេឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទៅធ្វើស្រែក្នុងអាងទឹកទាំងនេះតែម្តង។ថ្ងៃខាងមុខ យើងត្រូវការស្តាអញ្ចឹងត្រូវប្រាប់គាត់មិនឱ្យធ្វើស្រែបន្តទៀតហើយ។
រដ្ឋមន្រ្តីក្រសួងធនធានទឹកបានថ្លែងដោយបញ្ជាក់បន្ថែមថា៖បច្ចុប្បន្ននេះនៅកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូចមធ្យម និងធំ សរុបចំនួន ២៣៥២ ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតាព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ ១៥០០អាង ដែលមានលទ្ធភាពស្តុកទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងសរុប ចំនួនជាង ៤ពាន់លានម៉ែតគូប។
ឯកឧត្តមបានលើកឡើងថា៖”បើពិនិត្យឃើញការដាំដុះស្រូវប្រាំងមានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹកដែលយើងបានរក្សាទុកកាលពីចុងរដូវវស្សាប្រមាណ ៤ពាន់លានម៉ែត្រគូបត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០ភាគរយសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងនេះ”។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះក្រសួង បាននិងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្តក៏ដូចជាការកសាងអាងទឹកធំៗបន្ថែមដូចជា៖ អាងទឹកដងកាំបិត ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានសមត្ថភាពស្តុកទឹកប្រមាណ ៣០០លានម៉ែត្រគូប អាងទឹកដូន ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មានសមត្ថភាពស្តុកទឹកប្រមាណ ១៦០លានម៉ែត្រគូប ដោយឡែក បណ្តាអាងទឹកមួយចំនួនទៀត បាននិងកំពុងធ្វើការសិក្សាលម្អិត និងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសម្រាប់ធ្វើការសាងសង់៕




ដោយ ៖ ម៉ាដេប៉ូ