ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្ដល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ស្ត្រី ចូលរួមលើគ្រប់វិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងផ្ដល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញជូនដល់ស្ត្រី ។ស្រ្តីមានសិទ្ធិស្មើភាពជាមួយបុរស។ស្រ្តី ដែលមានសមត្ថភាពខ្ពស់ ត្រូវបានលើកកម្ពស់ និងចូលរួមលើគ្រប់វិស័យក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងបែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥ (១៩១០-២០២៥) ក្រោមប្រធានបទ “សិទ្ធ សមភាពនិងភាពអង់អាច ចំពោះ ស្ត្រី និងក្មេងស្រីគ្រប់រូប” កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

មានប្រសាសន៍ក្នុងឱកាសនេះដែរលោកជំទាវ ឌិត នីតា បានលើកឡើងថា ការរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា(១៩១០-២០២៥)ក្រោមប្រធានបទ “សិទ្ធ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” គឺជាសក្ខីភាពបង្ហាញពីការគិតគូរ និងលើកកម្ពស់ការពង្រឹងភាពអង់អាចរបស់ស្រ្តី ដើម្បីចូលរួមគ្រប់សកម្មភាពនិងគោល នយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ។

ជាក់ស្តែងសកម្មភាពបានបង្ហាញឱ្យឃើញពីស្រ្តីនៅក្នុងវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ពិសេសក្នុងសមរភូមិសំខាន់ៗរបស់ក្រសួង ក្នុងការទប់ស្កាត់ និងបង្កើតនូវបរិយាកាសគ្មានវិវាទដីធ្លី ការរៀបចំនូវសេវាគាប់ចិត្ត ការវាស់វែងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ជាដើម ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ ឌិត នីតា។

ដោយឡែកសំដៅទៅរកប្រធានបទ និងរំលឹកឡើងវិញពីអតីតមុននេះបន្តិច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ស្មារតី ៧មករាបានគាស់រំលើងឡើងវិញនូវមនោសញ្ចេតនា សេចក្តីថ្លៃថ្នូរ កិត្តិយសនិងសិទ្ធិសេរីភាព របស់មនុស្ស ពិសេសបានជំរុញដល់ស្ត្រីទាំងអស់ ត្រូវមានភាពក្លាហានបង្កើនសមត្ថភាពចូលរួមអនុវត្តការងាររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គម តាមរយៈគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីប្រែក្លាយកម្ពុជាឱ្យទទួលបានអនាគតមួយដ៏ល្អប្រសើរសម្រាប់ជំនាន់នេះ និងកូនចៅជំនាន់ក្រោយៗទៀត ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួង មានមន្ត្រីរាជការជាស្ត្រី ៦១០នាក់ ចំណោមមន្ត្រីសរុបចំនួន ២ ៥៩៣នាក់ គឺស្មើនឹង ២៣ភាគរយ។

ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤នេះ ក្រសួងកិច្ចការនារីបានកំណត់យកប្រធានបទ” សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ដោយហេតុថា ឆ្នាំ២០២៥នេះអង្គការសហប្រជាជាតិនឹងប្រារព្ធទិវាអន្តរ ជាតិនារីដើម្បីអបអរសាទរខួបទី៣០នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងដែលបានដាក់ចេញដោយតំណាងរដ្ឋនិងរដ្ឋាភិបាលមកពីប្រទេសចំនួន១៨៤ប្រទេសនូវវិធានការគោលនយោបាយផែនការសកម្មភាពនៅក្នុងវិស័យសំខាន់ៗដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិស្ដីពី”ស៊ី-ដ” ដែលមានដូចជា ស្ត្រីនិងភាពក្រីក្រ, ស្ត្រីនិងការអប់រំបណ្ដុះបណ្ដាល, ស្ត្រីនិងសុខភាព, អំពើហិង្សាលើស្ត្រី, ស្ត្រីនិងជម្លោះប្រដាប់អាវុធ, ស្ត្រីនិងសេដ្ឋកិច្ច, ស្ត្រីនិងការធ្វើសេចក្តីសម្រេចនិងសិទ្ធិអំណាច,យន្តការស្ថាប័នសម្រាប់លើក កម្ពស់ស្ត្រី, សិទ្ធិមនុស្សរបស់ស្ត្រី, ស្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយ, ស្ត្រីនិងបរិស្ថាន, និងក្មេងស្រី ៕

ដោយ៖ គ្រី សម្បត្តិ

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner