ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបភ្នំពេញ៖នៅសាលសន្និសីទសុខា សៀមរាបកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ។ក្នុងពិធីដដែលនេះដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានគូសរំលេចថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ។

បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការចុះមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់សេចក្តីសម្រេចស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាបជូនដល់ប្រធានក្រុមការងារគ្រប់ក្រុង ស្រុករួចមក មានប្រសាសន៍នោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាប ព្រមទាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយ ស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់ ៕
ដោយ៖ប៊ុនរដ្ឋា


