ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសអបអរទិវាអន្តរជាតិនារី៨មីនា នៅសាលាស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ទិវាអន្តរជាតិនារី៨ មីនា ប្រារព្ធនៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសបានមានប្រសាសន៍ថា ទិវាសិទ្ធិនារីអន្តរជាតិបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់វីរភាពរបស់នារីសកលលោកក្នុងការទាមទារសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ។
ដោយមានវត្តមានលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងផង ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ទិវានារីអន្តរជាតិ៨មីនា ឆ្នាំនេះធ្វើឡើងក្រោមប្រធាបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប »។ដូចនេះការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និង វិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឱ្យឃើញអំពីកាតព្វកិច្ច ភារកិច្ច តួនាទី និងការអនុវត្តនូវសិទ្ធិពេញលេញ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានរាយការណ៍ពីសកម្មភាពនានារបស់ស្ត្រីក្នុងស្រុករលាប្អៀរបានចូលរួមជាមន្ត្រីរាជការដោយស្ត្រីខ្លះមានឋានៈតួនាទី ជាអភិបាលរងស្រុក ប្រធានការិយាល័យ លោកមេឃុំ និងជាមេភូមិជាច្រើននាក់ផងដែរ៕
ដោយ៖សុខ គឹមសៀន
