លោក Trump រិះគន់ជប៉ុនថា កេងចំណេញលើអាមេរិក ត្រូវតែតំឡើងពន្ធ គ្មានការលើកលែង

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ចំៗ លើប្រទេសជប៉ុនថា បានកេងចំណេញលើអាមេរិក ទាំងយោធា និង សេដ្ឋកិច្ច ជាហេតុនាំឲ្យវិធានការតំឡើងពន្ធ លើដែក និង អាលុយមីញ៉ូមជប៉ុន ត្រូវតែអនុវត្ត គ្មានការលើកលែង។

ការរិះគន់លើសម្ព័ន្ធមិត្តដ៏រឹងមាំ របស់អាមេរិកនេះ បានកើតមានឡើង នៅមុនប៉ុន្មានថ្ងៃ ដែលរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន ត្រូវទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដើម្បីចរចាពីវិធានការតំឡើងពន្ធ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ។

លោក Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «យើងមានទំនាក់ទំនងដ៏អស្ចារ្យ ជាមួយប្រទេសជប៉ុន ប៉ុន្តែ យើងមានកិច្ចព្រមព្រៀងគួរឱ្យចាប់អារម្មណ៍ ជាមួយប្រទេសជប៉ុន ដែលយើងត្រូវការពារជប៉ុន ប៉ុន្តែ ជប៉ុន មិនចាំបាច់ការពារអាមេរិកទេ»។ គួរបញ្ជាក់ថា យោធាអាមេរិក ប្រមាណ ៥៤,០០០នាក់ កំពុងឈរជើង នៅក្នុងប្រទេសជប៉ុន ដែលភាគច្រើន នៅតំបន់ អូគីណាវ៉ា។

លោកបានបន្តថា ជប៉ុនក៏កំពុងកេងចំណេញសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក ទៀតផង ដូច្នេះ ការតំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥ភាគរយ នឹងត្រូវដាក់ចូលជាធរមាន នៅថ្ងៃពុធសប្តាហ៍ក្រោយ ដោយគ្មានករណីលើកលែង។

លោក Trump ក៏ធ្លាប់បានគំរាម យកពន្ធបន្ថែម ២៥ភាគរយលើការនាំចូលរថយន្ត ជប៉ុន ទៀតផង ខណៈដែលយានជំនិះ តំណាងឱ្យ ជិតមួយភាគបី នៃការនាំចេញទាំងអស់ របស់ប្រទេសជប៉ុន ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។

យ៉ាងណាមិញ លោក Yoji Muto រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលត្រៀមហោះទៅអាមេរិក សប្តាហ៍ក្រោយ បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិករបស់លោកនឹង «ឈ្នះ-ឈ្នះ សម្រាប់ផលប្រយោជន៍ជាតិ របស់ជប៉ុន និងសហរដ្ឋអាមេរិក»។

លោក Muto ក៏បានថ្លែងលួងលោម លោក Trump ផងដែរថា ប្រទេសជប៉ុនគ្រោងបណ្តាក់ទុនរាប់ពាន់លានដុល្លារ នៅក្នុងវិស័យបំពង់បង្ហូរឧស្ម័នធម្មជាតិ «ដ៏ធំ» នៅរដ្ឋ អាឡាស្កា ទៀតផង៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner