អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ កោតសសើរការរីកចម្រើនរបស់សហព័ន្ធបង្កើតរយៈពេលខ្លី
ភ្នំពេញ៖លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ បានថ្លែង ការកោតសសើរ ចំពោះសហព័ន្ធកីឡាបញ្ចស៊ីឡាត់ថា ការបង្កើតទើបតែបានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានការរីកចម្រើនគួរកត់សម្គាល់ ទាំងបច្ចេកទេស និងសមត្ថភាព។

លោកអនុប្រធានថ្លែងសរសើរបែបនេះ ខណៈអញ្ជើញចូលរួមនៅក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិបញ្ចស៊ីឡាត់ ឆ្នាំ២០២៥ លើកទី១កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។

លោក ឈាង សុវណ្ណរតនា បានបន្តថា នេះជាឆ្នាំដំបូងដែលបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ តែសន្ទស្សន៍នៃការរួមរបស់កីឡាករ កីឡាការិនីមានចំនួនច្រើន ពិសេសការចូលរួមរបស់កីឡាការិនី ទោះបីយ៉ាងពុំទាន់ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំយ៉ាងណាក្តី ។លោកសង្ឃឹមថា ការប្រកួតជើងឯកនៅឆ្នាំក្រោយ ការចូលរួមពីកីឡាករ កីឡាការិនីកាន់តែមានចំនួនច្រើនជាងនេះទៅទៀត។ លោកថា កីឡាករ កីឡាការិនី ដែលជាប់ជ័យលាភីនៅក្នុងការកួតជើងឯកថ្នាក់ជាតិនេះ ត្រូវខិតខំដុសខាត់សមត្ថភាពទ្វេដងបន្ថែមទៀត ព្រោះ នឹងក្លាយជាបេក្ខភាពជ្រើសរើសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃនៅចុងឆ្នាំ២០២៥នេះ ។

ទន្ទឹមជាមួយគ្នានេះ លោកអនុប្រធានក៏បាន ក្រើនរំលឹកដល់ប្អូនក្មួយៗកីឡាករ កីឡាការិនី ដែលទទួលបាននូវចំណេះជំនាញកីឡាមួយនេះ សូមខ្លាំងតែលើសង្វៀនបានហើយ មិនត្រូវខ្លាំងក្រៅសង្វៀននោះទេ ព្រោះអ្នកខ្លាំងក្រៅសង្វៀនប្រកួតមកដល់ពេលបច្ចុប្បន្ននេះ គឺបានជាប់គុក និងស្លាប់ច្រើនណាស់ ដោយសារអំនួតកាប់ចាក់គ្នា មិនគោរពច្បាប់ប្រទេស។

ចំណែក លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ទទួលបានការចុះឈ្មោះចូលរួមពី២២សាលាគុនមកពី៩រាជធានី-ខេត្ត និងមានអត្តពលិកសរុប ១២៧នាក់(កីឡាករ ៨៦នាក់ និងកីឡាការិនី៤១នាក់)និងបូកសរុបរួមទាំងប្រតិភូគ្រូបង្វឹក មន្ត្រីគណៈកម្មការ ក្រុមការងារទទួលបន្ទុកអនុគណៈកម្មការនីមួយ មានចំនួនសរុប ២១២នាក់។ ចំពោះវិញ្ញាសាមានចំនួន ១៥ ក្នុងនោះមានប្រយុទ្ធផ្នែកបុរស ៩វិញ្ញាសា និងប្រយុទ្ធនារី ៦វិញ្ញាសា។
លោក អ៊ួ តារា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានិងអនុប្រធាន ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឱ្យរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឱ្យចេញជារូបរាងឡើងជាលើកដំបូង ដើម្បីបោះជំហានមួយទៀត ក្នុងការប្រមូលផ្តុំអត្តពលិកប្រកបដោយទេពកោសល្យ និងផ្សព្វផ្សាយប្រភេទកីឡាបញ្ចស៊ីឡាត់ឱ្យបានសុះសាយនៅប្រទេសកម្ពុជា។
ជាលទ្ធផលបច្ចេកទេសក្នុងចំណោម ១៥វិញ្ញាសា រួមមាន៖ ចំណាត់ថ្នាក់លេខ១ សាលាគុនកងពលតូចថ្មើរជើងលេខ៥១ ទទួលបានមេដាយមាស ១០គ្រឿង, លេខ២ សាលាគុនតារាជ មេដាយសរុប ៥គ្រឿង (មាស ២ សំរឹទ្ធ៣), លេខ៣ សាលាគុនឫទ្ធាឥសាន មេដាយសរុប ៤ (មាស១ ប្រាក់២ សំរឹទ្ធ១) ,លេខ ៤ សាលាគុន ហនុមានមានជ័យ មេដាយសរុប៤គ្រឿង (មាស១ សំរឹទ្ធ២) ,លេខ៥ សាលាគុន ស៊ីឡាត់ភ្នំពេញមេដាយមាស១ និងសំរឹទ្ធ១៕
រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ
