អង្គការផ្កាយសមុទ្រលើកទឹកចិត្តនារី តាមរយៈបង្កើតព្រឹត្តិការណ៍បាល់ទាត់កុមារីប្រចាំឆ្នាំ២០២៥
ភ្នំពេញ៖ក្រុមបាល់ទាត់នារីមកពីទូទាំងប្រទេស ត្រូវបានផ្តល់ឱកាស ប្រកួតប្រជែងបញ្ចេញទេពកោសល្យ ក្នុងព្រឹត្តិការណ៍បាល់ទាត់កុមារី ប្រចាំឆ្នាំ២០២៥ រៀបចំដោយអង្គការផ្កាយសមុទ្រ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ។

លោក ជួប វិច្ឆិកា នាយិកា ប្រតិបត្តិ អង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់កុមារីប្រចាំឆ្នាំនេះ បានប្រព្រឹត្តទៅមាន៣ប្រភេទអាយុមានដូចជា កុមារីក្រោមអាយុ១០ កុមារីក្រោមអាយុ១៤ និងកុមារីក្រោមអាយុ១៨ឆ្នាំ។ ព្រឹត្តិការណ៍បាល់ទាត់កុមារីដ៏ធំប្រចាំឆ្នាំនេះ មានកីឡាការិនី ចូលរួមចំនួន៤៣ក្រុម សរុប ៥១៦នាក់ ។ ការប្រកួតប្រជែងនេះ បានរៀបចំឡើង ក្នុងគោលបំណង អបអរសាទរថ្ងៃ៨ មីនា ទិវាអន្តរជាតិនារី ហើយ ចង់ផ្តល់ឱកាសឱ្យនារីបានចូលឡូកក្នុងវិស័យកីឡាបាល់ទាត់ ដើម្បីរួមចំណែកផលិតធនធានកីឡាការិនីបាល់ទាត់សម្រាប់កម្ពុជា នាពេលអនាគតផងដែរ។
ការផ្តល់ឱកាសឱ្យនារីចូលលេងកីឡាបាល់ទាត់នេះ មិនត្រឹមតែជួយផលិតនូវធានធានបាល់ទាត់នារីនៅកម្ពុជា ប៉ុណ្ណោះនោះទេ ពោលទទួលបានទាំងសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងទំនុកចិត្តក្នុងការធ្វើការងារ ដោយភាពរឹងមាំជឿជាក់លើខ្លួនឯងផងដែរ។លោកស្រីនាយិកាបញ្ជាក់បន្ថែម។

ចំណែកលោក ហ្គ្រេក ប្រេស្តុន(Greg Preston) ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រ បានថ្លែងថា ព្រឹត្តិការណ៍បាល់ទាត់នេះ គឺជាសកម្មភាពចូលរួមលើកកម្ពស់សិទ្ធិស្រ្តី និងបំផុសចិត្តរបស់ពួកគេឱ្យមានភាពជឿជាក់លើខ្លួនឯង កសាងទំនុកចិត្ត និងបំបែករនាំងសង្គមផ្សេងៗតាមរយៈកីឡា។

អ្នកគ្រប់គ្រងកម្មវិធីខាងលើ បានបញ្ជាក់បន្ថែមថា កម្មវិធីបាល់ទាត់នេះ ក្រៅពីការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ ក៏ជាបរិយាកាសដ៏វិសេស វិសាល សម្រាប់កុមារីទាំងអស់បានផ្សារភ្ជាប់ទំនាក់ទំនង លើកទឹកចិត្តគ្នាទៅវិញទៅមក និងអបអរដល់ស្មារតីស្រលាញ់ដ៏មោះមុតចំពោះកីឡាបាល់ទាត់ថែមទៀតផង។ក្នុងនាម អ្នកគ្រប់គ្រងកម្មវិធីបាល់ទាត់ផ្កាយសមុទ្រ ពិតជាមានមោទនភាពក្រៃលែង ដែលបានរៀបចំកម្មវិធីបាល់ទាត់នេះឡើង ដោយបានបង្ហាញពីការផ្តាច់ប្តេជ្ញាខ្ពស់សមភាពយេនឌ័រដល់កីឡាការិនីជំនាន់ក្រោយថែមទៀតផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់កុមារីដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយអង្គការសមុទ្រកម្ពុជា បាននិងកំពុងតែបន្តជំរុញ និងបំផុសទឹកចិត្តអ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភជ្រោមជ្រែង និងស្ថាប័នពាក់ព័ន្ធគោលដៅលើកកម្ពស់សមភាពយេនឌ័រតាមរយៈកីឡា។វត្តមាននិងការរួមចំណែករបស់កីឡាការិនីម្នាក់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបានថា កីឡាការិនីវ័យក្មេងគ្រប់រូប ទទួលបានឱកាសកសាងសមត្ថភាពផ្ទាល់ខ្លួននៅក្នុងវិស័យកីឡា៕
រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ
