រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញពិនិត្យស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំពិភាក្សាការងារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងកាលពីចុងសប្ដាហ៍នេះក្នុងគោលបំណងពិនិត្យមើលស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងការប្រើប្រាស់ដើម្បីទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាពខ្ពស់ និងជួយដល់កសិករបានពិតប្រាកដ។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថាទុនពិសេសដែលបញ្ចេញដើម្បីរក្សាស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការធ្វើស្តង់ដាមួយដែលបម្រើផលប្រយោជន៍សម្រាប់ផលិតផលអង្ករក្រអូបប្រណិតរបស់កម្ពុជា និងនាំឱ្យកម្ពុជាមានឧត្តមភាពពិតប្រាកដនៅលើទីផ្សារអន្តរជាតិ។ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថាពូជស្រូវក្រអូបមានច្រើនប្រភេទរួមមាន សែនក្រអូប, ចំប៉ីស៧០ ,ស្រងែថ្មី ដែលរោងម៉ាស៊ីនកិនស្រូវត្រូវផ្តល់តម្លៃដល់ពូជស្រូវក្នុងស្រុកនេះដូចគ្នា សំដៅទទួលបានផលប្រយោជន៍រួមគ្នារវាងកសិករដាំដុះ និងរោងម៉ាស៊ីន និងបង្កើនភាពជឿជាក់ជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ត្រៀមកំណត់នូវតម្រូវការបរិមាណស្រូវក្រអូបសម្រាប់ទីផ្សារដែលខ្លួនត្រូវការ ដើម្បីជាទិន្នន័យងាយស្រួលក្នុងការរៀបចំសហគមន៍ឱ្យស្របទៅតាមការផ្គត់ផ្គង់ និងមានផែនការជាក់លាក់៕
ដោយ៖ម៉ាដេប៉ូ
រូបថតៈក្រសួងកសិកម្ម
