បុណ្យកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានានៅវត្តសុវណ្ណគិរីកេសរធ្លក
សៀមរាប៖ ព្រះវិហារនិងសមិទ្ធផលនានា ស្ថិតនៅវត្តសុវណ្ណគិរីកេសរធ្លក ក្នុងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាបបានប្រារព្ធពិធីកាត់ប្ញសសីមា និងសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ង៉ែត នរិន្ទ្រ រដ្ឋលេខាធិការក្រសួងការពារជាតិជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ។
សូមជម្រាបថា ព្រះវិហារថ្មី នៃវត្តសុវណ្ណគិរីកេសរធ្លកចាប់សាងសង់អំឡុងឆ្នាំ២០១៦ប្រើរយៈពេល ៨ឆ្នាំ រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២៤ដោយចំណាយថវិកាសរុបចំនួន ៣១២ ៩៤៩ ដុល្លារអាមេរិក។ ក្រៅពីព្រះវិហារថ្មី វត្តក៏បានកសាងនូវដងទង់ចំនួនពីរដើមកម្ពស់២៦ម៉ែត្រ ,បន្ទប់ទឹកប្រាំមួយបន្ទប់, ខ្លោងទ្វារចូលវត្តមួយ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀតរួមមាន របងវត្ត កុដិព្រះសង្ឃមួយខ្នង ចាក់ដីបំពេញទីធ្លា រៀបចំសួនច្បារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថាសមិទ្ធិដែលសម្រេចបាននាពេលនេះ គឺបានមកពីការរួមចំណែកចេញពីសទ្ធាជ្រះថ្លា របស់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងសប្បុរសជននានា ជាពិសេសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ។
ឯកឧត្តម ង៉ែត នរិន្ទ្រ រដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៍ថា៖សមិទ្ឋផលទាំងនេះគឺជាការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាកេរ្តិ៍តំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៅលើទឹកដីខេត្តសៀមរាប ជានិច្ចតទៅ។
សូមជម្រាបថា ខេត្តសៀមរាបមាន វត្តព្រះពុទ្ធសាសនាទាំងពីរគណៈចំនួន២៦១វត្តក្នុងនោះគណៈមហានិកាយចំនួន២៥៣វត្ត និងគណៈធម្មយុត្តិកនិកាយចំនួន៨វត្ត អាស្រមមាន ១៧កន្លែង។ ព្រះសង្ឃទាំងពីរគណៈ មានចំនួន ៤ ៩៤៨អង្គ ក្នុងនោះគណៈមហានិកាយមាន ៤ ៨៦៥អង្គ និងគណៈធម្មយុត្តិកនិកាយមាន ៨៣អង្គ ។ក្រៅពីសាសនាព្រះពុទ្ធ នៅមានសាសនាមួយចំនួនដូចជា គ្រិស្តសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ ៕ ដោយ៖ប៊ុនរដ្ឋា
