រមណីយដ្ឋានកម្សាន្តឆ្នេរកោះប៉ែន និងស្ពានប្រដឺសប្ញស្សី ប្រារព្ធខួប​១៥ឆ្នាំ

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥​បានប្រារព្ធពិធីអបអរខួប ១៥ឆ្នាំ (២០១១-២០២៥)​នៃការបង្កើត​កន្លែងកម្សាន្តឆ្នេរកោះប៉ែន ,ស្ពានឫស្សី(ប្រដឹស)ដ៏ទាក់ទាញរបស់​ខេត្តកំពង់ចាម ហើយក៏ត្រូវចំថ្ងៃ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០៥ ខួបលើកទី១១៤ ។ក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំ​ពិធីកម្សាន្ត​នានាជាច្រើន អមដោយការបាញ់កាំជ្រួចផង។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបាន​ឱ្យដឹង​នៅព្រឹកថ្ងៃទី៩ ខែមីនាថា ពិធីបុណ្យ «ឆ្នេរកោះ​ប៉ែន» ត្រូវបានម្ចាស់​រមណីយដ្ឋានរៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា នៅបរិវេណ​រមណីយ​ដ្ឋានធម្មជាតិ​ឆ្នេរ​ខ្សាច់​កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះ មានបំណង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកម្សាន្ត​ជូន​ដល់​ប្រជា​ពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានកាន់តែច្រើន។ ព្រឹត្តិការណ៍​នេះ ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតបាល់ទាត់​លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំ​តន្ត្រី ប្រដាល់គុនខ្មែរ និងការ​បាញ់កាំជ្រួច ជាដើម។

លោកប្រធានមន្ទីរបន្តថា គិតត្រឹមថ្ងៃទី៩ ខែមីនា ខេត្តទទួលបាន​ភ្ញៀវទេសចរសរុប ៥៤.៧០៧នាក់ ក្នុងនោះ ភ្ញៀវ​ទេសចរ​ជាតិចំនួន ៥៤.៦០៥នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១០២នាក់។

ចូលរួមអបអរ និងបង្កលក្ខណៈឱ្យកាន់អធឹកអធមថែមទៀត​កាល​ពីព្រឹកថ្ងៃទី៨ ខែមីនា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម​បានដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ និងសោភណ​ភាព កន្លែងរៀបចំ​ពិធីបុណ្យជាមួយ​ការណែនាំដល់អាជ្ញាធរ និង​សមត្ថកិច្ច នៅក្នុងមូលដ្ឋាន ក៏ដូចជា ម្ចាស់រមណីដ្ឋាន សូមយកចិត្ត​ទុកដាក់ខ្ពស់ លើសន្តិសុខ សណ្តាប់សាធារណៈ និងសោភណភាព ៕
ដោយ៖លី ពៅ

ads banner