សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីបរិស្ថាន រដ្ឋមន្ត្រី​ទេសចរណ៍ និងអភិបាលខេត្ត សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ឱ្យបានល្អ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានលើកឡើងថា មុននឹងចាកចេញពីតំបន់​ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធាន​សហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រ​ធាន​របស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាព របស់ប្រជាជននៅ​ក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែង ដើម្បីជួយដល់​ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ ខ្ញុំបានសម្រេច ៖

១. ប្រគល់ភារកិច្ចជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ ៖

  • សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ
  • សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ ។
  • សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។

២. ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈ​អភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញ​ទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុង​ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner