សុខសន្តិភាព កើតមាននៅកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់
(កណ្ដាល)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សុខសន្តិភាព កើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត ។ មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់ ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង បានថ្លែងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា វត្តពោធិសត្វ ស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សា បេសកជនពិសេស សម្តេចតេជោ ហ៊ុនសែន ផងដែរ ។
តាមរបាយការណ៍ សាលាធម្មសភា វត្តពោធិសត្វ ដោយមានកម្ពស់ ២ជាន់ មានទំហំទទឹង ២៧ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ និងដំបូលប្រក់ក្បឿងស្រកាលេញ គ្រោងចំណាយអស់ថវិកាប្រមាណជាង ៨៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ុង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងលោកតាលោកយាយ ប្រជាពលរដ្ឋ កណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ។
ឯកឧត្តម កិត្តិបណ្ឌិត ហ៊ុង ប៊ុនហៀង បានបន្តថា កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលអាណត្តិទី៧នេះ បានបន្តខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពន្យល់ដល់មន្ត្រី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹងទាំងអស់ ឲ្យចេះពិចារណា បែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងតែម៉្យាង គឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តពោធិសត្វ សម្រាប់សាងសង់សាលាធម្មសភា មានចំនួន ១ម៉ឺនដុល្លារអាមេរិក ហើយឯកឧត្តម លោកអ្នកឧកញ៉ា ទ្រីភាព បានប្រគេនបច្ច័យ ចំនួន ៣ម៉ឺនដុល្លារ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនលោកតា យាយជី ក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕
ដោយ ៖ វណ្ណលុក








