ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះ​បណ្ដាល”​គ្រូបង្គោលលើការងារមហាជនរាជធានី -ខេត្ត “

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈ​កម្មាធិ​ការកណ្តាលនិងជាអគ្គលេខាធិការ​គណៈចលនា​មហាជននៃគណៈ​កម្មា​ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី​ប្រកាសបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលលើការងារមហាជន រាជ​ធានី-ខេត្ត កាលពីចុងសប្ដាហ៍នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាល​គណបក្ស​ប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

មានប្រសាសន៍ទៅកាន់សិក្ខាកាម ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែង​អំណរគុណចំពោះការ​អញ្ជើញមកចូលរួមវគ្គ​បណ្តុះ​បណ្តាល​។ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដី​នឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធាន​គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនានៃគណៈ​កម្មា​ធិការកណ្ដាលនៃគណបក្សប្រជាជន ។ ឯកឧត្តមបានរំលឹកថា គណៈ​ចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលត្រូវបានបង្កើតឡើង​ក្នុង​មហា​សន្និបាត​ទូទាំង​ប្រទេសរបស់គណបក្សនាថ្ងៃទី៣០ -៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីអនុវត្តការងាណែនាំ ដឹកនាំ តម្រង់​ទិស និងសម្របសម្រួលការងារចលនាមហាជន ក្នុង​ស្រទាប់យុវជន ស្រ្តី កម្មករនិយោជិក និងអង្គការសមាគមនានា ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោល​ថ្ងៃនេះ​គឺជាជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារ​មហាជន​នៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយ​តបទៅកាន់សំណូមពររបស់​គណៈចលនាមហាជនរាជធានី-ខេត្តផងដែរ ជាពិសេសគឺអនុវត្តតាម​អនុសាសន៍សម្ដេចអគ្គ​មហាសេនាធិបតីតេជោហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជានៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី ១៧ -១៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តម បានគូសបញ្ជាក់សារជាថ្មីនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ទំនុកចិត្តរបស់​ប្រជាពលរដ្ឋត្រូវធ្វើឡើងជាប្រចាំ ហើយទាមទារពេលវេលា» ជាការ​ផ្តាំផ្ញើដល់សិក្ខាកាមដែល​ជាមន្រ្តី​គណបក្សទទួលបន្ទុកការងារចលនា​មហាជនត្រូវប្រកាន់ខ្ជាប់ក្នុងការបំពេញភារកិច្ចការងារជូនគណបក្ស។

សូមជម្រាបថា នេះជាជុំទី១ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើ​ការងារ​​មហាជន ដែលសិក្ខាកាមអញ្ជើញមកពី​ខេត្តព្រះសីហនុ កោះកុង កំពត កែប តាកែវ និងខេត្តកំពង់ស្ពឺ ។វគ្គនេះសិក្ខាកាម សរុប ៤៦ នាក់៕
ដោយ៖ ជាវ ចន្ធូ
រូបភាព៖ស.ស.យ.ក.

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner