ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ចូលរួមក្រុងពាលីបើកការដ្ឋានសាងសង់អគារថ្មី សាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្តតាកែវ
(តាកែវ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ កាលពី ទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារថ្មី សាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក សរុបប្រមាណ ១២០នាក់។
ឯកឧត្តម សូមថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យគណបក្សខេត្តតាកែវ សាងសង់សាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្តតាកែវថ្មីនេះ ដែលមានផ្ទៃក្រឡាសាងសង់ សរុបប្រមាណ ១.៦៨២ ម៉ែត្រការ៉េ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍រួមរបស់គណបក្ស និងសមាជិក សមាជិកាទាំងអស់ ហើយសាលគណបក្សនេះនឹងប្រើប្រាស់សម្រាប់សកម្មភាព ពហុបំណង។ ទន្ទឹមនឹងនេះខ្ញុំក៏បានផ្តល់គោលការណ៍ដើម្បីធ្វើការជួសជុលកែលម្អអគារមន្ទីរគណបក្សបច្ចុប្បន្នផងដែរ។
វត្តមាននៃអគារថ្មីនាពេលខាងមុខនេះ នឹងក្លាយជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដេីម្បីចូលរួមចំណែកការងារនៅមូលដ្ឋាននៃគណបក្សដ៏ធំបំផុត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាអនាគតប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ







