សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យផ្កាមហាសាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារ និងសមិទ្ធិផលនានានៅក្នុងវត្តសារាវ័ន្តតេជោ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារដែលមានអាយុកាលជាង ១០០ឆ្នាំ និងអគារបណ្ណាល័យមួយខ្នង ដែលជាអតីតអគារពុទ្ធិកសិក្សា បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់បាន ព្រមទាំងកសាងនូវទីសេនាសនៈនានា ដើម្បីជាប្រយោជន៍ដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ នារសៀល ថ្ងៃអាទិត្យទី៩ ខែមីនា ឆ្នាំ២០២៥។

ប្រទេសកម្ពុជាយើង សម័យបុរាណ ពុទ្ធបរិស័ទទាំងព្រះរាជា ទាំងប្រជារាស្ត្រ តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូក ស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ(ស្បង់កាច់) យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង ។

តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយ ។

តាមទម្លាប់ស្រុកខ្មែរនាសម័យបច្ចុប្បន្ន ទោះបីមានធនធានច្រើន ដែលអាចកសាងម្នាក់ឯងបានក៏ដោយតែមុននឹងធ្វើបុណ្យផ្កាគេផ្សាយដំណឹងបុណ្យនោះដល់ញាតិមិត្តជិតឆ្ងាយឲ្យជួយឧបត្ថម្ភគ្នាផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner