អាមេរិក៖ ធ្លាក់យន្តហោះតែមនុស្សនៅរស់ទាំងអស់ (មានវីដេអូ)
បរទេស៖ អ្នកបើកយន្តហោះ និងអ្នកដំណើរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីធ្លាក់យន្តហោះមួយគ្រៀង ដែលពួកគេបានជិះ នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
អាជ្ញាធរបាននិយាយថា មនុស្ស ៥នាក់នៅលើយន្តហោះបានរួចជីវិត ពីការធ្លាក់យន្តហោះខ្នាតតូច មួយគ្រឿងនេះ ប៉ុន្តែ ក្រុមមន្ត្រីអះអាងថា មិនមានព័ត៌មានលម្អិត អំពីស្ថានភាព របស់ពួកគេ នោះទេ។ យន្តហោះបានធ្លាក់ នៅក្នុងចំណត នៅជិតព្រលានយន្តហោះ Lancaster ក្នុងសង្កាត់ Manheim រដ្ឋ Pennsylvania កាលពីរសៀលថ្ងៃអាទិត្យ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានបញ្ជាក់ថា យន្តហោះដែលប្រើម៉ាស៊ីនតែមួយនោះ ជាប្រភេទ Beechcraft Bonanza ។ ប្រធានការិយាល័យពន្លត់អគ្គីភ័យក្រុង Manheim លោក Scott Little បាននិយាយថា គ្មាននរណាម្នាក់នៅលើដី បានរងរបួសនោះទេ ហើយថា យន្តហោះមិនបានវាយប្រហារអគារណាមួយនោះឡើយ។ យន្តហោះបានធ្លាក់ភ្លាមៗ បន្ទាប់ពីបានហោះឡើងបន្តិច។
ការធ្លាក់យន្តហោះ កាលពីថ្ងៃអាទិត្យ បានកើតឡើង បន្ទាប់ពីការធ្លាក់យន្តហោះ ថ្មីៗនេះ ដែលបានធ្វើឱ្យមានការព្រួយបារម្ភ ជាសាធារណៈ។ កាលពីចុងខែមករា យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំង មួយគ្រឿង បានបុក ជាមួយឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក នៅលើទន្លេ Potomac ស្ថិតក្នុងទីក្រុង Washington DC ដោយបានសម្លាប់ មនុស្សទាំង៦៧នាក់ នៅលើយន្តហោះ ទាំងពីរគ្រឿង៕
ប្រភពពី The guardian ប្រែសម្រួល៖ សារ៉ាត