នាយករដ្ឋមន្ត្រីកាណាដាថ្មីថា អាមេរិក ចង់លេបប្រទេសខ្លួន
បរទេស៖ អនាគត នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា លោក Mark Carney បានអះអាងចំៗថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់ លោក Trump កំពុងមានបំណងចង់លេបយកប្រទេសកាណាដា។
នាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសកាណាដា លោក Mark Carney កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់ប្រធានាធិបតី Donald Trump ពីការស្វែងរក ការកាន់កាប់ប្រទេសកាណាដា ប៉ុន្តែ លោកបានអះអាងថា កិច្ចខិតខំប្រឹងប្រែងបែបនេះ នឹងត្រូវរងបរាជ័យ ដាច់ខាត។
លោក Carney បាននិយាយបែបនេះ បន្ទាប់ពីគណបក្សសេរីនិយម ដែលកំពុងកាន់អំណាចបានជ្រើសរើស លោកឱ្យបន្តតំណែង ជានាយករដ្ឋមន្ត្រីកាណាដា ជំនួស លោក Justin Trudeau។
លោក Carney អះអាងថា «ជនជាតិអាមេរិកចង់បានធនធានរបស់យើង ទឹករបស់យើង ដីរបស់យើង ពោលគឺ ប្រទេសរបស់យើង»។ លោកបន្តថា «លោក Trump កំពុងវាយប្រហារកម្មករ កាណាដា គ្រួសារ និងអាជីវកម្ម យើងមិនអាចឱ្យគាត់ ទទួលបានជោគជ័យ នោះទេ»។
ការលើកឡើងនេះ ក្រោយពេលលោក Trump បានដាក់ពន្ធបន្ថែមលើទំនិញរបស់កាណាដា ហើយកាណាដា ក៏បានវាយបកវិញ។ តែចុងក្រោយបំផុត លោកប្រធានាធិបតីអាមេរិក Trump បានប្រកាសគំរាមថា នឹងតំឡើងពន្ធថែមទៀត មានទាំងទំនិញខ្លះ អាចដល់ ២៥០%៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
