សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញកាត់ខ្សែបូសម្ពោធទារកដា្ឋន និងសំណេះសំណាលជាមួយកម្មការិនីរោងចក្រ ម៉ាវ៉ល ហ្គាមិន នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតី កាត់ខ្សែបូ សម្ពោធទារកដា្ឋន ព្រមទាំងសំណេះសំណាលជាមួយ កម្មការិនីរោងចក្រ ម៉ាវ៉ល ហ្គាមិន ឯ.ក (Marvel Garment) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្តីរីករាយ ដោយបានជួបសំណេះសំណាល ជាមួយបងប្អូនក្មួយៗកម្មករ កម្មការិនី នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋាន រោងចក្រកាត់ដេរម៉ាវ៉ល នៅពេលនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានទារកដ្ឋាននេះនៅរោងចក្រ បានជួយច្រើន ដល់បងប្អូនកម្មការិនី ទាំងការថែទាំ និងកាត់បន្ថយ ការចំណាយរបស់បងប្អូនកម្មការិនី ។
សម្ដេចបវរធិបតី បានបន្តថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារ ដែលជាសេនាធិការដឹកនាំរៀបចំ ។
សម្ដេចបានបញ្ជាក់ថា ទារកដ្ឋាននេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រ អាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជា ចាប់ពីតូចទៅតែម្តង ។ បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើង សម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព ទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ១,២លានរៀល កូនភ្លោះ៣ ឧបត្ថម្ភ ១,៦លានរៀល និងកូនភ្លោះ៣ ទទួលបានការឧបត្ថម្ភ ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






