ឯកអគ្គរាជទូត និង អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ១៩រូប សហការជាមួយក្រសួងទេសចរណ៍ ផ្សព្វផ្សាយ​ទេសចរណ៍ និង កិត្តិនាមកម្ពុជា លើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងការអនុញ្ញាតពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន ១៩រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមនិងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ពិសេសជាងនេះទៀត ការជំរុញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី,សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា ។

ក្នុងកិច្ចប្រជុំដ៏មានដ៏មានសារៈសំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពាក់ព័ន្ធនឹងកិត្តិនាមកម្ពុជា ដោយស្នើឱ្យជួយផ្សព្វផ្សាយបន្ថែមទៀតអំពីព័ត៌មានវិជ្ជមាន និងប្រតិកម្មតបចំពោះព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន (បុរេសកម្ម, សកម្ម, អន្តរសកម្ម, ប្រតិកម្ម) និងជំរុញការទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា ព្រមទាំងបង្ហាញសក្តានុពលទេសចរណ៍នៅតាមភោជនីយដ្ឋានខ្មែរ និងតាមបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅទីនោះ ជាពិសេសការសម្របសម្រួល FAM TRIP (រៀបចំទស្សនកិច្ចរបស់ប្រតិភូបរទេសឱ្យបានស្គាល់ពីសក្តានុពលទេសចរណ៍កម្ពុជា), ROADSHOW តួយ៉ាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើសុំកិច្ចសហការនៅពេលក្រសួងទេសចរណ៍ រៀបចំពិព័រណ៌ ឬកម្មវិធីនៅក្រៅប្រទេស ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner