បើកវគ្គបណ្តុះបណ្តាលរយៈពេលប្រាំថ្ងៃ ស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាជូនដល់ គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡា
ភ្នំពេញ៖ការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា គឺជាចំណុចស្នូលមួយក្នុងចំណោមចំណុចស្នូលជាច្រើនក្នុងវិស័យកីឡា។ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាបានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាជូនដល់ គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិកម្ពុជា នៅមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា រយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន៧៥នាក់ មកពីសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧ ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមគោលការណ៍កំណត់របស់ក្រមប្រឆាំងដូប៉ាអន្តរជាតិ ដែលតម្រូវឱ្យគ្រូបង្វឹកកីឡា និងអត្តពលិកទាំងអស់នៃប្រទេសហត្ថលេខី បានសិក្សាស្វែងយល់អំពីការប្រឆាំងដូ ប៉ាក្នុងវិស័យកីឡា និងទទួលបានវិញ្ញាបនបត្របញ្ជាក់អាដែល (ADEL)ទើបមានសិទ្ធស្របច្បាប់នៅក្នុង ការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។

អញ្ជើញចូលរួក្នុងពិធីបើកវគ្គ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជននិងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានកោតសរសើរនិងឱ្យតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ព្រម ទាំងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ច បានល្អប្រសើរ និង ខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅ ប្រទេសបានជោគជ័យ។

លោកជំទាវ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ចូលរួមសិក្សាដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យទទួលបាននូវ វិញ្ញាបនបត្របញ្ជាក់តាមការគ្រោងទុក ព្រោះថាវិញ្ញាបនបត្រនេះមិនមែនក្រសួង ឬគ្រូឧទ្ទេសអាចផ្តល់ជូន បានតាមការស្នើសុំនោះទេ វាជាវិញ្ញាបនបត្រដែលចេញដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់អន្តរជាតិ នៅពេលដែលសិក្ខាកាម បានយល់ដឹង និងបំពេញតាមលក្ខខណ្ឌដែលបានកំណត់ ។បើមិនបានបំពេញតាមលក្ខខណ្ឌនោះទេ ប្រព័ន្ធមិនចេញវិញ្ញាបនបត្រឱ្យឡើយ។
បន្ថែមពីនេះសិក្ខាកាមយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ សូមចែករំលែក បន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះ បណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ៕



អត្ថបទ៖ ជាវ ចន្ធូ
រូបភាព៖ ជីម ភារ៉ា