រដ្ឋបាលរាជធានីភ្នំពេញរៀបចំ កំប្លែងនាយក្រឹម របាំបុរាណ និងទស្សនីយភាពប្លែកៗ នៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ក្នុងរាត្រីថ្ងៃទី៩ មិនា

(ភ្នំពេញ)៖ បើទោះបីនៅយប់ថ្ងៃទី៩មិនានេះមានភ្លៀង ខ្យល់​យ៉ាងណាក្ដីក៏គេឃើញបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសនៅតែទៅដើរកំសាន្តនៅលើផ្លូវថ្មើរជើងច្រើនដដែលមិនបានរំខានដំណើររបស់អ្នកដើទេ។ សំរាប់សប្តាហ៍ទី១ នៃខែមិនា ឆ្នាំ២០២៥ នារាត្រីថ្ងៃទី៩មិនានេះនាផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំ​បន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) របាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រី​បុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ដើម្បីបម្រើឱ្យការ​កំសាន្តសប្បាយរបស់ភ្ញៀវទេសចរជាតិ និងអន្តជាតិ ។

បើយោងតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយិការង​រដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីមួយ​សប្តាហ៍​ទៅ​មួយសប្តាហ៍ នៅផ្លូវថ្មើជើង Walk Street មាត់​ទន្លេត្រូវបានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់ វត្ថុ​អនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, របាំប្រពៃណី,​រៀបចំ​ជាបណ្ណាល័យចល័ត,សៀករហ័សកម្មជាដើម ដើម្បីបង្កើន​នូវភាពសប្បាយរីករាយឱ្យប្រជាពលរដ្ឋនាចុងសប្តាហ៍។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ​មកដើរលេងកំសាន្តសប្បាយទាំងអស់គ្នា ក្រោមម្លប់ នៃសន្តិភាព ។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ដែរថា៖ ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវចេះ​តែកើន​ឡើងជាលំដាប់ ។ ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​បំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋ ក៏បានកែសម្រួល​តម្រាយ​ខ្សែរត់ ខ្សែទី ១C និងបន្ថែមម៉ោងប្រតិបត្តិការសេវា​ដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយអនុវត្តនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ រហូតដល់ម៉ោង ១១:០០នាទីយប់ថែមទៀត ។

គិតត្រឹមថ្ងៃទី៩ មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់​ឱ្យ​ដំណើរការបានរយៈពេល ១ខែ និង ១សប្ដាហ៍ហើយ តែចំ​ពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ គឺទទួលបានល្អ​ឥត​ខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខ​របរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។

គួរបញ្ជាក់ថា ៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាល​រាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង ១សប្ដា​ហ៍​គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ១១​យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner