ទីបំផុត ជប៉ុនពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងពេល ៥០ឆ្នាំបានហើយ
តូក្យូ ៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុន នារយៈពេលជាង ៥០ឆ្នាំ នៅទីបំផុត មន្ត្រីពន្លត់អគ្គីភ័យអាចទប់ស្កាត់បានទាំងស្រុងហើយ តែជាអកុសល មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត។
អភិបាលក្រុង Ofunato លោក Kiyoshi Fuchigami បានប្រាប់សន្និសីទកាសែតនៅអាទិត្យថា ផ្អែកតាមរបាយការណ៍ប្រមូលតាមផ្លូវអាកាស យើងអាចវាយតម្លៃបានថា ភ្លើងលែងបង្កហានិភ័យឆេះរាលដាលបន្ថែមទៀតហើយ។
មន្ត្រីក្នុងតំបន់និយាយថា ភ្លើងបានលេបត្របាក់ផ្ទៃដីប្រហែល ២.៩០០ ហិចតា បន្ទាប់ពីវាបានឆាបឆេះនៅលើភ្នំ ហើយរាលដាលដល់តំបន់ជនបទជិតគ្នា ចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ខូចខាតអគារ ២១០កន្លែង និងបង្ខំឱ្យអ្នកស្រុកជាង ៤.២០០ នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
ភ្លើងឆេះព្រៃនៅជប៉ុន ជារឿយៗកើត ឡើងនៅចន្លោះខែកុម្ភៈដល់ខែឧសភា នៅពេលដែលខ្យល់ស្ងួតបក់បោកខ្លាំង។ ក្នុងមួយឆ្នាំ ជប៉ុនបានជួបប្រទះភ្លើងឆេះព្រៃប្រហែល ១.៣០០លើក ប៉ុន្តែទោះបីជាយ៉ាងណា ចំនួនបានធ្លាក់ចុះចាប់តាំងពីឈានដល់កម្រិត ខ្ពស់ ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៧០៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា