ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»
សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងបង្ហាញខ្លួនជាថ្មី ជាមួយនឹងការរំលេចពីផ្ទាំងទស្សនីយភាពជាច្រើនទៀត លើទឹកដីអង្គរដ៏បវរនៃយើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងន័យបង្កើតនូវស្នាមញញឹមរបស់ប្រជាជាតិខ្មែរមកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
មុននឹងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំមកដល់ កាលពីព្រឹកថ្ងៃទី៩ ខែមីនា នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ។នេះក៏ជាការប្រកាសជាផ្លូវការនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងលើកយកនូវកេរ្ត៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសដូនតាខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បន្ទាបពីចប់ពិធីប្រុងពលី ឯកឧត្តមបានលើកឡើងថា ខេត្តសៀមរាបឆ្នាំនេះ នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយលើកពីធម្មតា ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។ ម៉្យាងទៀតអ្វីដែលកាន់តែពិសេស នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមេសា ដែលត្រូវបានរៀបចំដោយក្រសួងព្រះបរមរាជវាំង និង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។ ក្នុងនោះដែរ គឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ហើយក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរ ក្នុងការធ្វើដំណើរមកខេត្តសៀមរាប បានជួបព្រះភ័ក្រ្តព្រះមហាក្សត្រ ដោយផ្ទាល់ ក៏ដូចជាបានសប្បាយរីករាយជា មហាគ្រួសារខ្មែរ ។
គប្បីជម្រាបជូនថា គិតចាប់ឆ្នាំ២០១៣រហូតមកដល់ពេលនេះព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធចំនួន១២ឆ្នាំហើយ ។ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះនឹងធ្វើឡើងចំនួន៦ទីតាំង មានដូចជា នៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប ,វិថីព្រះមហាក្សត្រ(King’s Road),ផាប់ស្រ្ទីត ( Pub street) និងអង្គរឃ្យុងយូ ។
ចំពោះកម្មវិធីកម្សាន្តមានដូចជាការសម្តែងទស្សនីយភាព,ចង្វាក់បេះដូងអង្គរ,កម្មវិធីភូមិខ្ញុំ,កម្មវិធីការប្រកួតអុក,កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត,កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ,កម្មវិធីរបាំបុរាណ,ប្រពៃណី និងប្រជា ប្រិយ,កម្មវិធីសួនញញឹមអង្គរ,កម្មវិធីតោះៗលេងទឹក,កម្មវិធីសួនមុនីហទ័យ,កម្មវិធីផ្សារស្ទឹងសៀមរាប ,កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម ។
ជាមួយគ្នានេះការសម្តែងសិល្បៈទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត នាបណ្ណាល័យខាងត្បូងនៃប្រាសាទអង្គរ រយៈពេល ៣យប់ ៕






ដោយ៖ប៊ុន រដ្ឋា