ក្រសួងទេសចរណ៍ និង វិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍”
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការចាប់ដៃគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍” និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សនស៊ីជម្រៅលើការផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សង្គម សន្តិសុខដែលមានសុខសន្តិភាពពេញបរិបូណ៍ និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជាឱ្យបានទូលំទូលាយ ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញឱ្យមានការធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ។
ក្នុងឱកាសអនុញ្ញាតជូនលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការជួយផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាកន្លងមក ។
ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពចំពោះការស្នើចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងទេសចរណ៍ និងបានឯកភាពចំពោះសំណើពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យ New media ជាពិសេស ស្នើ លោកស្រី ជួយចូលរួមសហការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយកន្លងមក ក្រសួងនិងស្ថានទូតចិននៅកម្ពុជា បានសហការយ៉ាងជិតសិ្នទ្ធិដើម្បីផ្តល់កិច្ចការពារ សុខសុវត្ថិភាព និងសន្តិសុខដល់អ្នកទេសចរ និងប្រជាពលរដ្ឋចិននៅកម្ពុជា និងស្នើឱ្យបន្តជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញប្រជាជនចិនមកធ្វើដំណើរកម្សាន្តនៅកម្ពុជាកាន់តែច្រើន តួយ៉ាងស្នើបន្តឱ្យជួយផ្សព្វផ្សាយជំរុញទាក់ទាញអ្នកវិនិយោគចិនមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត ៕






ដោយ ៖ ហេង សម្បត្តិ