អភិបាលខេត្តកំពង់ចាម៖ ការរួបរួមថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍឥតឈប់ឈរ
កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង ថា កត្តារួបរួមថែរក្សាសុខសន្តិភាពគឺនាំមកនូវការអភិវឌ្ឍរីក ចម្រើនឥតឈប់ឈរ។ដូច្នេះយើងត្រូវបន្តរួបរួមគ្នាដើម្បីកសាងសង្គមជាតិ និងកសាងនូវជីវភាពសម្រាប់ខ្លួនយើងនិងកូនចៅ របស់យើងគ្រប់ជំនាន់ទៅមុខទៀត។ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីសម្ពោធផ្លូវកៅស៊ូប្រភេទDBST និងផ្លូវបេតុងប្រវែង៥,៥ គីឡូម៉ែត្រ និងសមិទ្ធផលនានានៅវត្តភ្នំព្រះវិហារតម្លៃជាង២លានដុល្លារអាមេរិក ស្ថិតនៅភូមិព្រះវិហារ ឃុំតាំងក្រសាំង ស្រុក បាធាយកាលពីចុងសប្ដាហ៍កន្លងទៅ។
ក្នុងពិធីសម្ពោធផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងប្រវែងជាង ៥,៥គីឡូម៉ែត្រក្រោមវត្តមានឯកឧត្តម ខ្លូត ផនប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាមផងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែលដាក់សម្ពោធនាពេលនេះពីភ្នំព្រះវិហារ ឆ្លងកាត់ភូមិចំនួន៣រហូតដល់ភូមិបឹងវែង ឃុំតាំងក្រសាំង។ក្រៅពីផ្លូវនៅមានសមិទ្ធផល ចំនួន១៥មុខផ្សេងទៀតដែលចំណាយថវិកាប្រមាណ២លានដុល្លារ។ឯកឧត្តមបញ្ជាក់ថាទាំងនេះសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ។
ក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានទូលប្រគេនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូក៏ដូចជាប្រជាពលរដ្ឋសូមជួយ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ៖លី ពៅ





