សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាន​នៅតាម​រោងចក្រ​សហគ្រាស ជាកិច្ចការងារដែលសម្រេចបាន​ប្រកប​ដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាល ដើម្បីប្រ​យោជន៍កម្មករនិយោជិត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទារក​ដ្ឋាន​នៅតាមរោងចក្រសហគ្រាស គឺជាកិច្ចការងារដែលសម្រេច​បានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនឹងនេះសម្តេច​ធិបតី​នាយករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ និងថ្លែងការកើតសរសើរដល់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក រួមទាំង​គ្រប់​ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើឱ្យ​លេចចេញ​ជារូប​រាងទារកដ្ឋាននៅក្នុងរោងចក្រ នាពេលនេះផងដែរ។

ការគូសបញ្ជាក់បែបនេះ អំឡុងពេលដែលសម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារ​នៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោ​ង​ចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុង​ខណ្ឌកំបូល រាជធានីភ្នំពេញ ។

នៅក្នុងពិធីសំណេះសំណាល សម្តេចមហាបវរធិបតី​នាយករដ្ឋ​មន្រ្តី​បានលើកឡើងថា ការសាងសង់ទារកដ្ឋាននេះគឺជាអនុ​សាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេច​ធិប​តីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាល​កាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួង​ការ​ងារ សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សា​លទ្ធភាពបង្កើត​ទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោង​ចក្រ​។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា ការដាក់សម្ពោធឱ្យ​ប្រើប្រាស់ជាផ្លូវការទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅ​តំបន់សេដ្ឋកិច្ចពិសេសនៅពេលនេះគឺជាសមិទ្ធផលមួយដ៏គាប់ប្រសើរ និងត្រូវបានប្រកាសប្រកបដោយមោទកភាពបំផុត ដែល​គ្រប់ភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងសាងសង់ទារកដ្ឋាន​សម្រាប់ជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតដោយជោគជ័យ និងមានស្តង់ដាល្អសម្រាប់មើលថែទាំទារក។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង​ស្ថាប័នពាក់ព័ន្ធ រួមទាំងនិយោជក នឹងសម្របសម្រួល​បន្តកិច្ចការងារសាងសង់ទារកដ្ឋានសម្រាប់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់។ ដែលកិច្ចការងារមួយនេះនឹងបន្ត​វឌ្ឍនភាព​របស់ខ្លួន នឹងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់​នៅតាមបណ្តា​ខេត្ត​នានាផងដែរ ខណៈនៅតាមបណ្តាខេត្តមួយចំនួន​ក៏បានសាង​សង់​ទារកដ្ឋានរួចរាល់ហើយដែរនាពេលកន្លងមក។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បន្តយកចិត្ត​ទុកដាក់លើការថែទាំសុខភាពទារកនៅក្នុងទារកដ្ឋាន បន្ទាប់ពី​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ ក្នុងនោះក្រសួងការងារក៏ត្រូវយក​ចិត្ត​ទុកដាក់ពិនិត្យមើលយន្តការ ប.ស.ស. ដើម្បីឱ្យមានការប្រើ​ប្រាស់​សេវា​ថែទាំសុខភាពនៅទីនេះ ដើម្បីលើកកម្ពស់​សុខមាលភាព​ដល់កុមារតូចៗនៅក្នុងទារកដ្ឋានឱ្យកាន់​តែល្អប្រសើរផងដែរ។

គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតទារកដ្ឋាន​នៅ​តាម​សហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំង​នោះ​ទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និង​ស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យ​ឪពុក​ម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិត​មានឱកាស​ធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner