សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ និង​សំណេះ​សំណាលជាមួយនិស្សិតបញ្ចប់ការសិក្សា​នៃវិទ្យា​ស្ថានវ៉ាន់ដា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីចែកសញ្ញា​បត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យា​ស្ថាន​វ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាន​និស្សិ​ត​បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០​នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានីភ្នំពេញ ។

របាយការណ៍របស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន​វ៉ាន់ដា បានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជនមួយ ដែលបច្ចុប្បន្ន មានទីតាំងចំនួន ៣កន្លែង កំពុង​ដំ​ណើរ​ការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង២កន្លែង​ទៀត​នៅខេត្តសៀមរាប និងខេត្តបាត់ដំបង ។ ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន ៩៧១នាក់ នារី ៣៨២នាក់ និងនិស្សិត កំពុងសិក្សាចំនួន ១០,២១២នាក់ នារី ៩,១៧០នាក់។

គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា​២០២៣-២០២៤ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង មានចំនួនសរុប ៥៦,៥២៦នាក់ នារី ៤៧,៩៨៣នាក់។ ដោយឡែក​និស្សិតជ័យលាភី ត្រូវទទួលសញ្ញាបតនាឱកាសនេះវិញ យោងតាមការធ្វើអង្កតបានបង្ហាញថា និស្សិតជាង ៤ពាន់នាក់នេះ អ្នកមានការងារធ្វើចំនួន ៣,៩៧៤នាក់ ស្មើនឹង ៨៩,៧៩ភាគរយ ។

នៅក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោត​សរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់​របស់វិទ្យាស្ថាន​វ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុង​នាម​ជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់​ជោគវាសនាអនាគតរបស់កម្ពុជា ។

សម្តេចបវរធិបតី បានថ្លែងថា ជាមួយកំណើនជារៀងរាល់ឆ្នាំ នៃ​ទំហំតម្រូវការរបស់យុវជន ដែលចង់បន្តការសិក្សា នៅកម្រិត​ឧត្តម​សិក្សា, នៅពេលដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មិនអាចឆ្លើយតប បានគ្រប់គ្រាន់, រាជរដ្ឋាភិបាលកម្ពុជាបាន​ដាក់ចេញនូវគោលនយោបាយបើកចំហ ដោយ អនុញ្ញាត​ឱ្យមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចូលរួមក្នុងការ​អភិវឌ្ឍធន​ធាន​មនុស្ស ប្រកបដោយសមត្ថភាពបច្ចេកទេសខ្ពស់ ។

សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សា​ឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក​បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស, ជាពិសេស​យុវជន​ដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរ​ភាពស្ថាប័ន និងសង្គមជាតិទាំងមូល ។ សម្តេច ក៏បានបង្ហាញ​នូវការពេញចិត្ត ចំពោះកំណើនកាន់តែច្រើន នៃនិស្សិតជាស្ត្រីនា​ពេលបច្ចុប្បន្ននេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner