ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ជួបសំណេះ​សំណាល​សមាគមសិស្ស និស្សិត បញ្ញវន្ដក្មេងវត្តខេត្តពោធិ៍សាត់

ពោធិ៍សាត់៖នៅវិទ្យាល័យពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តកាល​ពីសប្ដាហ៍កន្លងទៅ​បាន ជួបសំណេះសំណាលជាមួយមន្រ្តីនិង​សមាជិកសាខាសមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្ត​ពោធិ៍សាត់​ដើម្បីដឹងសុខដឹង ទុក្ខគ្នាទៅវិញទៅមកនិង ពិនិត្យ​សមិទ្ធផលដែលសមាគមសម្រេចបាន និងពង្រឹងការងារបន្ថែម។

លោក ទិត្យ សុខឃឿន ប្រធានសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេងវត្តខេត្តពោធិ៍សាត់ បានបញ្ជាក់ថាបច្ចុប្បន្នសាខា សមាគម​មានសមាជិក សមាជិកាសរុប១១០០នាក់ (ស្រី១៥០នាក់) បាននិងកំពុងបំពេញតួនាទីការងារនៅតាមបណ្ដា ក្រុងស្រុក​ទាំង៧។ក្រុមការងារបញ្ញវន្តក្មេងវត្តខេត្តបានបំពេញបេសកកម្ម​ការងារតាមគោលការណ៍សមាគមកំណត់។នៅឆ្នាំ២០២៤ សាខា​សមាគមក្មេងវត្តខេត្តបានចូលរួម​សកម្មភាពការងារមនុស្ស​ធម៌និង​សកម្មភាពការងារ ផ្សេងៗចំនួន២១១និងបានចំណាយ​ថវិកា​១៦៨.៩៤៨.៥០០រៀលដោយមិនទាន់គិតបញ្ចូលការចំណាយផ្សេងៗ។ជួយ សង់ផ្ទះជូនចាស់ជរា ស្ត្រីមេម៉ាយ និងក្មេងកំព្រាគ្មានទីពឹង​បានចំនួន៤ខ្នងផ្ទះ។ជួយជួសជុលដំបូលសាលាពីរកន្លែងចូល​ថវិកាចាក់ ដីពង្រីកទីធ្លាសាលាជាង២០.០០០ដុល្លារអាមេរិក។ផ្ដើមអង្គកឋិនទានប្រមូលថវិកាបានជាង៣០.០០០ដុល្លារចូលរួមកសាង ព្រះវិហារ និងបន្ទប់សម្រាកក្រោយសម្រាលកូន។

ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមបានកោត​សរសើរ​និងវាយតម្លៃខ្ពស់ ចំពោះសមាគម​ក្មេងវត្តខេត្តពោធិ៍សាត់ ដែលមានសាមគ្គីភាពផ្ទៃក្នុងល្អ ការដឹកនាំគ្រប់ជ្រុងជ្រោយ និង​សម្រេចបានលទ្ធផលយ៉ាងច្រើន លើសាខាទូទាំងប្រទេស។ ឯកឧត្តមសូមឱ្យសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត​​បន្ត​ពង្រឹងនិងពង្រីកសមាជិកបន្ថែម និងមានទំនាក់ទំនងល្អជាមួយ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រះសង្ឃនិងសប្បុរសជននានាដើម្បីធ្វើឱ្យសមាគមមានការរីកចម្រើនទៅមុខជាលំដាប់៕
ដោយ៖ចេង ពុំ

ads banner