សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការចោទ ប្រកាន់ថា រៀបចំអង្គរសង្ក្រាន្ដ ជារឿងអត់ប្រយោជន៍
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងឆ្លើយនឹងការចោទប្រកាន់ថា រៀបចំអង្គរសង្ក្រាន្ដ ចំណាយលុយ និងជារឿងអត់ប្រយោជន៍ ខណៈសម្ដេចបវរធិបតី បង្ហាញការយល់ឃើញថា ការរៀបចំអង្គរសង្ក្រាន្ដនេះ ដើម្បីបង្កើតព្រឹត្ដិការណ៍ទេសចរណ៍ ទាក់ទាញភ្ញៀវឱ្យទៅកម្សាន្ដ ហើយម្យ៉ាងវិញទៀត ប្រជាពលរដ្ឋនៅខេត្ដសៀមរាប ក៏ពេញចិត្ដនឹងការរៀបចំនេះដែរ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែបែរជាមានវិទ្យុបរទេសមួយចំនួន ចោទប្រកាន់ថា ជារឿងអត់ប្រយោជន៍ទៅវិញ ។ សម្ដេច ក៏បានទទួលយកទស្សនៈរបស់អ្នកដែលលើកឡើងបែបនេះ ប៉ុន្តែសម្ដេច ក៏មានការយល់ឃើញមួយផ្នែកទៀត គឺថា ការរៀបចំអង្គរសង្រ្កាន្ត នៅឆ្នាំ២០២៥នេះ គឺជាការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍មួយទៀត ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍ ដែលនឹងជួយលើកកម្ពស់ជីវភាពប្រជាជន នៅក្នុងខេត្តសៀមរាប ហើយការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ មិនមែនដើម្បីពង្វក់យុវជន កុំឱ្យគិតពីបញ្ហាសង្គម ឬក៏ដើម្បីបង្កើនប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលនោះទេ ។
ដោយឡែកបើតាមឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរ សង្ក្រាន្ដឆ្នាំថ្មី” មានទ្រង់ទ្រាយធំជាងមុន ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍ ហើយក៏ដើម្បីជួបជុំយុវជន និងមហាជន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរ ។
ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដរូបនេះ បានបន្ថែមថា ដោយទទួលបានសេចក្ដីទុកពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដល់ ស.ស.យ.ក. រៀបចំព្រឹត្តិការអង្គសង្ក្រាន្ដឆ្នាំ២០២៥ នេះ នឹងមានកម្មវិធីចំនួន ៣៨, ក្រុមការងារ៣៤ និងយុវជនស្ម័គ្រចិត្តប្រមាណ ៥០០០នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការព៍នេះ ប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ ហើយកម្មវិធីពិសេសថ្មីមួយ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះ គឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life) គឺជាការសម្តែងទស្សនីយភាពរយៈពេល ៣ថ្ងៃ ដែលនឹងបង្ហាញពីភាពប្រសព្វគ្នា នៃការរម្លឹក ធ្វើឱ្យរស់រវើក និងផ្សារភ្ជាប់ជីវិត នៃមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌ និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ “មួយដងក្នុងមួយជីវិត” ក្នុងការទស្សនាការសម្តែងក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន និងការឈ្វេងយល់ និងទទួលបានបទពិសោធបន្ថែមអំពីភាពរុងរឿង ភាពល្បីល្បាញ សម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ