ក្រុងពិលីបើកការដ្ឋាន គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើននៅខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកជំទាវ ឌិត នីតា បានអញ្ជើញក្រុងពិលីបើកការដ្ឋានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ជាគម្រោងស្តារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។
គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ជាគម្រោងស្តារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង ដោយក្នុងនោះរួមមាន ៖
១. រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់ សម្រាប់សាធារណជននិងទេសចរ
២. រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រសម្រាប់ការពារសុវត្ថិភាព
៣. រៀបចំសួនច្បារសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណីឆ្នេរសមុទ្រសម្រាប់សាធារណជន និងទេសចរ
៤. រៀបចំផ្លូវថ្មើរជើងដោយមានផ្លូវសម្រាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ
៥. រៀបចំកន្លែងអង្គុយលម្តែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិ សម្រាប់សាធារណជន និងទេសចរ
៦. រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ ជនមានពិការភាព
៧. ជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់ សាធារណជន និងទេសចរ
៨. រៀបចំតម្លើងឆត្រប្រក់ស្បូវសម្រាប់សាធារណជន និងទេសចរ
៩. រៀបចំចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប
១០. រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក
១១. រៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
នៅពេលសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” រួចរាល់ នឹងកាន់តែ មានការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើន បន្ថែម ទៀតមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕





ដោយ / គ្រី សម្បត្តិ