កូរ៉េខាងជើងបាញ់មីស៊ីលផ្គើនសមយុទ្ធ កូរ៉េខាងត្បូង និង អាមេរិក
ព្យុងយ៉ាង ៖ ដើម្បីបង្ហាញពីការខឹងសម្បររបស់ខ្លួន កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់ កាលពីថ្ងៃចន្ទ ចំពេលកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំ មានឈ្មោះថា Freedom Shield។
បើតាមការអះអាងពីយោធាកូរ៉េខាងត្បូង កងកម្លាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីលនៅម៉ោងប្រហែល ១និង៥០នាទី (ម៉ោងក្នុងតំបន់) ចេញពីខេត្ត Hwanghae ចូលទៅក្នុងសមុទ្រខាងលិច ដែលគេស្គាល់ថា ជាសមុទ្រលឿង។
ក្រៅពីការបាញ់មីស៊ីលផ្គើនសត្រូវ កូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរក្នុងដៃ ថែមទាំងបានថ្កោលទោសសមយុទ្ធនេះថា ជា “ទង្វើបង្កហេតុ” ដោយព្រមានពីការផ្ទុះសង្រ្គាម។
យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា សមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង “Freedom Shield 2025” បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនឹងមានការហ្វឹកហាត់ផ្ទាល់ អនឡាញ និងតាមទីវាល។
សមយុទ្ធនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២០ ខែមីនា ហើយវាកើតឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសកូរ៉េខាងត្បូងចំនួនពីរគ្រឿងបានទម្លាក់គ្រាប់បែកចំនួន ៨គ្រាប់ដោយចៃដន្យទៅលើភូមិមួយ ក្នុងអំឡុងសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកងកម្លាំងអាមេរិកកាលពីថ្ងៃទី៦ ខែមីនា។ យោធាកូរ៉េខាងត្បូងនិយាយថា មនុស្ស ៣១នាក់ រួមទាំងជនស៊ីវិល និងបុគ្គលិកយោធាបានរងរបួសនៅក្នុងឧបទ្ទវហេតុនោះ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា