មជ្ឈមណ្ឌលជាតិផ្តល់ឈាមបន្តចាប់ដៃវីតាល់ជំរុញចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្តជួយសង្គមជាតិ
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា ការផ្ដួចផ្ដើមបន្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) រួមជាមួយចក្ខុវិស័យវែងឆ្ងាយនាពេលនេះ នឹងបំផុសស្មារតីអោយសាធារណជនទូទៅចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធីជួយដល់សង្គមជាតិ។
ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំមួយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងផ្ដល់ជាលទ្ធភាពដល់ការប្រមូលឈាមពីសប្បុរសជនស្ម័គ្រចិត្តដោយមិនគិតកម្រៃ ដែលនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញនូវតម្រូវការឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ ទន្ទឹមនេះ លោកវេជ្ជបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា កំណើនបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នទាំងពីរ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចាប់ផ្តើមកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ ២០១១ មកម៉្លេះ ដោយស្ថាប័នទាំងពីរបានពាំនាំសកម្មភាពវិជ្ជមានជាច្រើន ក្រោមស្មារតីលើកតម្កើងគុណវុឌ្ឍិនៃចលនាបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ លោកជំទាវបន្ថែមថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនេះមិនត្រឹមតែរឹតបន្តឹងចំណងមេត្រីភាពរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ តែពោលគឺបានជះឥទ្ធិពលដល់កំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងសុវត្ថិភាពដល់សាធារណៈជន និងសង្គមជាតិទាំងមូល។
បន្ថែមពីនេះ លោកជំទាវនាយិកាប្រតិបត្តិក៏នៅតែអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនប្រុសស្រី បន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបាន ព្រោះការបរិច្ចាគឈាមពុំមានផលរំខានទៅដល់សុខភាពឡើយ ពោលគឺជួយអ្នកយើងមានសុខភាពល្អប្រសើរដោយសារការផ្លាស់ប្តូរឈាម អារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាការជួយអាយុជីវិតដែលមិនអាវកាត់ថ្លៃបាន៕





អត្ថបទ ៖ ឈឹម ទីណា