លោក Trump ថា នឹងជជែកជាមួយលោក Putin ហើយជួបលោក Zelensky ឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ និយាយថា លោកនឹងពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងសប្តាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមលើសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់ និងការចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់ការឈ្លានពានជាង ៣ឆ្នាំមកនេះ។
ក្រៅពីជជែកជាមួយលោក ពូទីន លោក ត្រាំ និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏នឹងត្រូវបានអញ្ជើញមកកាន់សេតវិមានសាជាថ្មីទៀត ក្រោយមេដឹកនាំទាំងពីរបានប៉ះពាក្យសម្តីគ្នាខ្លាំងនៅថ្ងៃទី២៨ ខែកុម្ភៈ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ុយក្រែនបានបញ្ចប់កិច្ចចរចានៅអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្តការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងកៀវ និងចរចាបទឈប់បាញ់រយៈពេល ៣០ថ្ងៃជាមួយរុស្ស៊ី។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក កេ ស្តាមឺ បានហៅវាថា ជា “របកគំហើញដ៏គួរឱ្យកត់សម្គាល់” ខណៈដែលប្រមុខអង្គការណាតូ លោក ម៉ាក រូត បានថ្លែងអរគុណដល់លោកប្រធានាធិបតី ត្រាំ ដែលអាចរកឃើញ “របកគំហើញ” ទាក់ទងនឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

