អស្ចារ្យ! សត្វប្រមោញ និងខ្ទីន តែងមកបង្ហាញខ្លួនឱ្យអ្នកទេសចរបានឃើញនៅលើខ្នងភ្នំព្រះ
(ពោធិ៍សាត់)៖ សត្វចំនួន២ប្រភេទគឺសត្វប្រមោញ និងសត្វខ្ទីន គឺជាសត្វដ៏កម្រមួយនាពេលបច្ចុប្បន្ន ប៉ុន្តែសត្វទាំង ២ប្រភេទនេះតែងបង្ហាញខ្លួនឱ្យអ្នកទេសចរបានឃើញស្ទើររៀងរាល់ថ្ងៃនៅពេលគេបានទៅសម្រាកលំហែកាយពេលយប់នៅលើខ្នងភ្នំព្រះនៃទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់។
វាជារឿងដែលកម្រដែលសត្វ២ប្រភេទនេះបានស៊ាំជាមួយនឹងមនុស្ស ហើយតែងចេញមកពីក្នុងព្រៃដើម្បីបង្ហាញវត្តមានក្បែរទីស្នាក់ការរបស់ប្រជាសហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។ពួកវាតែងមកទទួលចំណីដែលប្រជាសហគមន៍ទុកឱ្យវា ហើយអ្នកទេសចរអាចទស្សនា ឬ ថតសកម្មភាពដោយពេញភ្នែកដោយពួកវាមិនខ្លាចមនុស្សនោះឡើយ។
លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែល ស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថាលោកតែងដាក់ចំណីឱ្យសត្វ២ប្រភេទនេះជាប់ជាប្រចាំពោលគឺចាប់តាំងតែឆ្នាំ២០២២មក។រៀងរាល់ពេលគាត់នាំភ្ញៀវមកកាន់លើភ្នំនេះតែងដាក់ចំណីឱ្យពួកវា ក្នុងនេះសត្វប្រមោយចំនួន៣ ទៅ ៤ក្បាលតែងតែមករកចំណីគាត់បោះទុកឱ្យវាស៊ីដោយពុំសូវខានទេ។ចំណេកសត្វខ្ទីនវិញចំនួន ២ក្បាលញីឈ្មោល នៅពេលយប់ជ្រៅម៉ោង៩ទៅ១១យប់តែងចូលមកស៊ីចំណីមិនសូវខានដូចគ្នា។
ប្រធានក្រុមអ្នកនាំផ្លូវរូបនេះបានឱ្យដឹងបន្ថែមថា៖”ក្រៅពីសត្វ២ប្រភេទនេះក៏មានសត្វជាច្រើនទៀតតែងបង្ហាញខ្លួននៅតាមតំបន់ព្រៃភ្នំខ្នងព្រះឱ្យឃើញដែរគឺសត្វ កែះ និងសត្វដទៃជាច្រើនទៀត នេះមិនរាប់ទាំងសត្វស្លាបផងទេ។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សាបានលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងថាការធ្វើដំណើរដោយថ្មើជើង មានរយៈពេលពី៥ទៅ៨ម៉ោង ចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់លើកំពូលភ្នំខ្នងព្រះ។ ប្រសិនបើអ្នកទេសចរ ធ្វើដំណើរឡើងភ្នំខ្នងព្រះ ត្រូវឆ្លងកាត់ចំណោតចុះឡើង ប៉ុន្តែហាក់ដូចជាមិនហត់ ព្រោះតែមានសត្វបក្សាបក្សីយំឆ្លងឆ្លើយពីរោះរណ្តំ និងមានកន្លែងសម្រាកជាដំណាក់ៗ មានផ្ទាំងថ្មធំៗ រុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ចំពោះអាកាសធាតុវិញត្រជាក់ខ្លាំង ដែលធ្វើឱ្យយើងទទួលបានក្តីសុខ ខ្យល់បរិសុទ្ធ និងមានអារម្មណ៍សប្បាយរីករាយ។
គួរបញ្ជាក់ សត្វប្រមោញ មានរូបរាង និងទ្រងទ្រាយដូចសត្វកាំប្រមា ដែរតែតូចជាង ។ រោមបន្លាវាមានពណ៌ត្នោតចាស់ ហើយវែង នៅផ្នែកខាងលើខ្នង និងមានពណ៌ភ្លាវហើយខ្លីនៅផ្នែកខាងក្រោមពោះ ។ វារស់នៅក្នុងព្រៃចំការ ជាពិសេសតំបន់ខ្ពស់ តំបន់ព្រៃតាមមាត់ស្ទឹង បឹងនិងជ្រក ក្រោមគម្ពោតព្រៃ ក្រោមឫសឈើ វាពុំចូលចិត្តដីវាលទេ ។
សម្រាប់សត្វខ្ទីនជា សត្វស្ថិតនៅក្នុងអំបូរសំពោចដែលមានមាឌធំ ហើយអាចសម្គាល់លក្ខណៈពិសេសរបស់វា ដោយនៅត្រង់កមានឆ្នូតស-ខ្មៅធំៗ កន្ទុយមានបង្កង់ស-ខ្មៅពី៦-៧។ ចាប់ពីកដល់ខ្នងមានរោមប្រែងព័ណ៌ខ្មៅ-ស ជើងមុខមានព័ណ៌ត្នោតចាស់ ប៉ុន្តែជើងក្រោយមានព័ណ៌ត្នោតខ្ចី បបូរមាត់លើ និងក្នុងត្រចៀកមានព័ណ៌ស។ កូនទើបនឹងកើតភាគច្រើនមានសម្បុរខ្មៅ ។ ខ្ទីនមានរបាយនៅទូទាំងប្រទេសកម្ពុជា ក្នុងទីជម្រកសមស្រប ។ ខ្ទីនត្រូវបានចាត់ថ្នាក់ជាប្រភេទដោយបង្គួរនៅកម្ពុជា និងស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (LC) ៕
ដោយ ៖ ម៉ាដេប៉ូ,រូបភាព៖បូរិន








