កិច្ចប្រជុំលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់សាលក្តីខ្មែរក្រហម ត្រូវបានឯកភាពលើខ្លឹមសារសំខាន់ៗរួមចំនួន៤

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី២ របស់ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅកាត់ថាសាលាក្តីខ្មែរក្រហម បានពិភាក្សា និងឯកភាពលើខ្លឹមសាររួមស្តីពី សេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាពេលអនាគត ។

ស្ថាប័នកេរដំណែលដែលគ្រោងបង្កើតនេះ ពិភាក្សានិងឯកភាពលើខ្លឹមសារសំខាន់ៗរួមចំនួន ៤រួមមាន ៖ ទី១-គ្រប់គ្រងនិងថែរក្សាបណ្ណសារ ព្រមទាំងបង្កើតឡើងនូវសារៈមន្ទីរស្តីពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត; ទី២-លើកកម្ពស់ការបណ្តុះបណ្តាលនិងជំរុញឱ្យមានការស្រាវជ្រាវទៅលើសមិទ្ធផល បទពិសោធ និងយុត្តិសាស្រ្តដ៏មានតម្លៃរបស់អ.វ.ត.ក. ទី៣-លើកកម្ពស់ដល់ការអប់រំនិងការផ្សព្វផ្សាយឱ្យបានទូលំ-ទូលាយដល់យុវជនជំនាន់ក្រោយនិងសាធារណជន ក្នុងការទប់ស្កាត់អំពើសាហាវឃោរឃៅនិងអំពើប្រល័យពូជ-សាសន៍នៅកម្ពុជា ថ្នាក់តំបន់និងអន្តរជាតិ; និងទី៤-បង្កើតឱ្យមានភាពជាដៃគូជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់ដល់ការអប់រំសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងយុត្តិធម៌អន្តរកាល។

កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងដោយការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ៖ ស្ថាប័នកេរដំណែលនេះ ជាស្ថាប័នជាតិដែលមានភាពជាម្ចាស់និងក៏មានលក្ខណៈបើកទូលាយផងដែរដល់អង្គការជាតិនិងអន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមសហប្រតិបត្តិការ ជាពិសេសទាក់ទងទៅនឹងការលើកកម្ពស់កេរដំណែលរបស់អ.វ.ត.ក. ការអប់រំ ការផ្សព្វផ្សាយ ការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិនិងអន្តរជាតិ និងការគាំទ្រដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាការលើកស្ទួយនៃវប្បធម៌សន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ជា សកល ដែលជាគុណតម្លៃស្នូលរបស់កម្ពុជានាពេលបច្ចុប្បន្ន៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner