លោក Trump ថា អាមេរិកនឹងក្ដោបយកកោះ Greenland ហើយណាតូក៏អាចចូលរួម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ថា សហរដ្ឋអាមេរិកត្រូវការគ្រប់គ្រង Greenland ហើយការលេបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងសំខាន់បំផុត សម្រាប់សន្តិសុខអន្តរជាតិ។

កំលុងកិច្ចពិភាក្សាជាមួយប្រមុខណាតូនៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Trump ជាថ្មីម្តងទៀត បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្រ្តនៃកោះអាកទិកមួយនេះ។

ឆ្លើយសំណួរអ្នកកាសែតអំពីទស្សនៈវិស័យកាត់យកកោះ Greenland មេដឹកនាំអាមេរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំគិតថា ថ្ងៃណាមួយ រឿងនេះនឹងកើតឡើង… យើងត្រូវការ Greenland សម្រាប់សន្តិសុខអន្តរជាតិ ហើយរឿងនេះក៏អាចមានណាតូចូលជួយដែរ។

បើតាមសារព័ត៌មាន RT លោក Mark បានគាំទ្រសម្តីលោក Trump ហើយថា គាត់និយាយត្រូវ ដោយសារបច្ចុប្បន្នរុស្ស៊ី និងចិន ក៏កំពុងបង្កើនឥទ្ធិពលនៅតំបន់នោះដែរ ហើយនេះជាភាពចាំបាច់ដែលប្រជាជាតិនៅលោកខាងលិច ត្រូវរួមដៃគ្នាធ្វើការក្រោមការដឹកនាំរបស់អាមេរិក។

ទោះបីជាយ៉ាងណា ប្រមុខអង្គការណាតូរូបនេះ បានសង្កត់ធ្ងន់ថា លោកមិនចង់យកអង្គការណាតូចូលលូកលាន់ក្នុងរឿងក្រសោបយកកោះ Greenland ឡើយ ទុកឲ្យលោក Trump ធ្វើការដោយខ្លួនឯងវិញ។

ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីកោះ Greenland លោក Mute Egede និយាយថា លោកនឹងកោះប្រជុំមេដឹកនាំគណបក្ស ដើម្បីរួមគ្នាបដិសេធការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Trump ក្នុងការលេបយក Greenland ដែលមានប្រជាជនជិត ៥៧.០០០នាក់ និងធនធានរ៉ែមានតម្លៃដ៏មហាសាល៕

ប្រភព ៖ DW និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner