លោក Trump ចង់ប្រើជម្រើសយោធាគ្រប់គ្រងព្រែកជីកប៉ាណាម៉ា

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អំពាវនាវឱ្យមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក ផ្តល់ជម្រើសយោធា ដើម្បីធានាថា ទីក្រុងវ៉ាស៊ីនតោនមានសិទ្ធិគ្រប់គ្រងពេញលេញលើព្រែកជីកប៉ាណាម៉ា នេះបើតាមមន្ត្រីអាមេរិកពីរនាក់បានប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា ឯកសារមួយដែលត្រូវបានពិពណ៌នាថា ជាការណែនាំសន្តិសុខជាតិបណ្តោះអាសន្នដោយរដ្ឋបាលថ្មី បានស្នើឱ្យយោធាពិនិត្យមើលជម្រើស ដើម្បីធានាដល់ការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ មន្ត្រីអាមេរិកទីពីរបានឱ្យដឹងទៀតថា យោធាអាមេរិកមានជម្រើសដ៏មានសក្តានុពល ក្នុងនោះមានទាំងការធានាភាពជាដៃគូជិតស្និទ្ធជាមួយយោធាប៉ាណាម៉ា។

សារព័ត៌មាន NBC News នៅព្រឹកថ្ងៃព្រហស្បតិ៍ ក៏បានរាយការណ៍ផងដែរថា សេតវិមានបានបញ្ជាឱ្យមន្ទីរបញ្ចកោណបង្កើតជម្រើស ដើម្បីអាចគ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ ទោះបីជាយ៉ាងណា មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

កន្លងមក លោកប្រធានាធិបតី ត្រាំ បានអះអាងថា អាមេរិកត្រូវការយកព្រែកជីកប៉ាណាម៉ាមកវិញ ដោយលោកបាននិយាយទាំងគ្មានភស្តុតាងថា ចិនកំពុងគ្រប់គ្រងវា ហើយអាចប្រើផ្លូវទឹកនេះដើម្បីធ្វើឱ្យខូចផលប្រយោជន៍អាមេរិក។

យ៉ាងណា លោកស្រី Ilya Espino de Marotta ដែលជាអ្នកគ្រប់គ្រងរងនៃព្រែកជីកប៉ាណាម៉ាបានប្រាប់ Guardian កាលពីខែមករាថា ព្រែកជីកនេះគ្រប់គ្រងដោយជនជាតិប៉ាណាម៉ា ១០០% … យើងជាអង្គភាពស្វយ័ត … គ្មានការគ្រប់គ្រងព្រែកជីករបស់ចិនទេ ហើយរាល់សកម្មភាពរបស់មហាអំណាចបរទេស ដែលប៉ន់ប៉ងយកព្រែកជីកនេះដោយកម្លាំង ប្រាកដជាបំពានច្បាប់អន្តរជាតិ។

សូមរម្លឹកថា សហរដ្ឋអាមេរិកបានទទួលសិទ្ធិសាងសង់ និងប្រតិបត្តិការព្រែកជីកប៉ាណាម៉ានៅដើមសតវត្សរ៍ទី២០។ នៅក្នុងសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ១៩៧៩ ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកប្រធានាធិបតី Jimmy Carter សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់ការគ្រប់គ្រងព្រែកជីកនេះទៅឱ្យប្រទេសប៉ាណាម៉ានៅចុងឆ្នាំ ១៩៩៩៕

ប្រភព ៖ the guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner