ឧបនាយករដ្ឋមន្រ្តី ស សុខា​អញ្ជើញប្រុងពលីត្រៀមរៀបចំព្រឹត្តិការណ៍​សង្ក្រាន្ត​​ឆ្នាំថ្មី ខេត្តបាត់ដំបង

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥​បានរៀបចំ​ពិធីប្រុងពលីដើម្បីត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្តឆ្នាំថ្មី២០២៥ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីរាជការ​សាលា​ខេត្ត​និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.)។

ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះ រៀបចំឡើងក្រោមកិច្ចសហ​ការ​រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសហភាព​សហព័ន្ធ​​យុវជនកម្ពុជា​(ស.ស.យ.ក.)ខេត្ត។តាមកម្មវិធីគ្រោងទុកសម្រាប់ព្រឹត្តិការណ៍​សង្រ្កាន្តបាត់ដំបងមានដូចជា​វេទិកាបើកព្រឹត្តិការណ៍​សង្រ្កាន្ត,តំបន់​ត្រជាក់ចិត្ត,តំបន់ពាងទឹក,តំបន់ភូមិយើង,តំបន់តន្ត្រីស្រុកស្រែ,​តំបន់​សាសនា,តំបន់​ផលិត​ផលយក្ស,តំបន់ភូមិបង្អែមខ្មែរ,ពិព័រណ៍ទូទៅ និងការប្រគំតន្ត្រីសម័យជាដើម។

ដោយនៅសល់ពេលវេលាតែមួយខែទៀតនោះក្រុមការងារតាមផ្នែកនីមួយៗដែលភារកិច្ចប្រគល់ឱ្យកំពុងតែខិតខំពន្លឿនការរៀបចំតុប​តែង​លម្អ នៅតាមទីតាំងសំខាន់ៗ ធ្វើយ៉ាងណា ឱ្យមានលក្ខណៈប្លែក​និង​កាន់​តែទាក់ទាញជាងឆ្នាំមុនៗឆក់យកបេះដូងប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលនឹងធ្វើដំណើរមកកម្សាន្តនៅខេត្តជង្រុកស្រូវ និង​វប្បធម៌​ទេសចរណ៍មួយនេះ។

ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ រដ្ឋបាលខេត្តបាត់​ដំបង​ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូប្រារព្ធ​​​ឡើង​​ដើម្បី​ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ផ្តល់ឱកាសឱ្យយុវជនបង្ហាញពីទេព​កោសល្យ ពី​សក្តានុពល ឆន្ទៈ និងការ​ខិតខំប្រឹងប្រែង តាមរយៈ​ការចូលរួមរៀបចំបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា​ ។ក៏ដើម្បីផ្តល់​ឱកាសឱ្យយុវជន​ចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមក។បង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋ និង​ដើម្បីបង្កភាពសប្បាយរីករាយជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ​និងអន្តរជាតិ៕
អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

ads banner