មន្ទីរដែនដីខេត្តកំពត នឹងខិតខំពន្លឿនការចេញបណ្ណកម្មសិទ្ធិឱ្យបាន​ចប់រួចរាល់ក្នុងឆ្នាំ២០២៥នេះ

កំពត៖វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ដែលនិយាយរត់មាត់​ថា បណ្ណកម្មសិទ្ធិ ចំនួន ៣ ១៦០បណ្ណ ត្រូវបាន​ប្រគល់​ជូនប្រជា​ពលរដ្ឋ​ចំនួន១ ៦៥៩គ្រួសារជាម្ចាស់កម្មសិទ្ធ នៅភូមិចំនួនបី ក្នុងឃុំចំនួនពីរ នៃស្រុកឈូក ខេត្តកំពត ខណៈមន្រ្តី នៃមន្ទីរជំនាញ​អះអាងថា នឹងខិតខំពន្លឿនការងារចេញបណ្ណកម្មសិទ្ធិក្នុង​ខេត្តឱ្យ​បានចប់រួចរាល់​ទាំងអស់​ក្នុងឆ្នាំ២០២៥​នេះ។

កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តអង្គល្បើក មានរៀបចំពិធីប្រគល់​វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ ឬ បណ្ណកម្មសិទ្ធិ ចំនួន ៣ ១៦០បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន១ ៦៥៩គ្រួសារជាម្ចាស់កម្មសិទ្ធ មកពីភូមិចំនួនបី ក្នុងឃុំចំនួនពីរ នៃស្រុកឈូក ខេត្តកំពតក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ។

ជម្រាបជូនឯកឧត្តមអភិបាលខេត្តកំពត , លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោ​ដីខេត្តកំពត បានលើកឡើងថា ក្រោមការ​ដឹកនាំគាំទ្រ និងចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លើឧបករណ៍បច្ចេកទេស​ក្នុងការជំរុញការងារចុះ​បញ្ជីដីធ្លី មន្ទីរនឹងខិតខំពន្លឿនការងារចេញបណ្ណកម្មសិទ្ធិក្នុងខេត្តឱ្យ​បានចប់រួចរាល់ទាំងអស់ក្នុងឆ្នាំ២០២៥នេះ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមកចូលរួម ឯកឧត្តម ម៉ៅ ធនិន បានគូសរំលេចថា ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន ដែរ​ក្រោមការដឹកនាំ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកបានគិតគូជានិច្ច​ពាក់ព័ន្ធ​នឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។សម្តេចធិបតីបានដាក់ចុះចេញនូវយន្តការ ក៏ដូចជាការចង្អុលបង្ហាញដោយ​ផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរជំនាញត្រូវពន្លឿនក្នុងការចុះវាស់វែង និងចេញបណ្ណកម្ម​សិទ្ធិជូនពលរដ្ឋ​ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការពន្លឿននៃការចេញបណ្ណកម្មសិទ្ធិ​ដីធ្លីឱ្យបានឆាប់រហ័សនេះសំដៅឱ្យប្រជាពលរដ្ឋដែលមានដីធ្លីច្បាស់លាស់ទាំងអស់ទទួលបាននូវការគ្រប់គ្រងដីធ្លីដោយស្របច្បាប់ ហើយក៏បានជួយកាត់បន្ថយនូវវិវាទដីធ្លីដែលកើតឡើងដោយការកាន់កាប់ដីធ្លីមិនច្បាស់លាស់។ឯកឧត្តមក៏បាន​ផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ សូមរក្សាទុកនូវបណ្ណនេះឱ្យបានត្រឹមត្រូវ៕

ដោយ៖ សិលា សារិន

ads banner